
ដោយៈ សាំ ឧត្តម
វិស័យអចលនទ្រព្យនៅប្រទេសកម្ពជានឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចនិងអ្នកវិនិយោគិនផ្នែកអចលនទ្រព្យបន្តិចបន្តូចស្របពេលដែលកម្តៅនយោបាយក្នុងប្រទេសកម្ពុជាកំពុងឡើងកម្តៅខ្លាំង។
អ្នកវិភាគផ្នែកសេដ្ឋកិច្ចបានប្រាប់អោយដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងប្រឈមការបាត់បង់អ្នកវិនិយោគិនមួយចំនួន ដែលជាប្រការនឹងធ្វើអោយសេដ្ឋកិច្ចរងគ្រោះបន្តិចបន្ទួច បើស្ថានការណ៏នយោបាយនៅកម្ពុជាជួបវិបត្តិនាពេលខាងមុខនេះ ជាពិសេសការបណ្តាក់ទុនវិនិយោគរបស់បរទេសនិងអន់ថយមួយកម្រិតរហូតស្ថានការណ៏ល្អប្រសើរវិញ។
បើតាមការអះអាងរបស់លោក គីម ហ៊ាង ប្រធានអចលនទ្រព្យខ្មែររៀលអ៊ីស្ទេត អចលនទ្រព្យរបស់កម្ពុជាដូចជាវិស័យសំណង់ ខុនដូ និងការវិនិយោគផ្សេងៗទៀត អាចនឹងត្រូវទទួលរងនូវការប៉ះពាល់គួរសម ហើយវាអាចរាំងស្ទះការធ្វើការបណ្តាក់ទុន វិនិយោគ និងធ្វើអាជីរកម្មផ្សេងៗបន្តិចបន្ទួចផងដែរ។
លោក គីម ហ៊ាង មានប្រសាសន៏ថា៖ «ក្នុងកំឡុងខែ ១០ និង ១១ នេះ មានសភាពស្ញប់ស្ញាត់[ដល់]អ្នកវិនិយោគល្មម[គួរសម] ហើយបើស្ថានការណ៏ខាងមុខកើតឡើងដោយអូសបន្លាញពេលវេលានោះ វិស័យអចលនទ្រព្យនិងត្រូវជួបផលប៉ះពាល់។» លោកបន្តថា៖ «ទោះបីជាការវិភាគពីកត្តាជះឥទ្ធិពលដល់ការបណ្តាក់ទុនរកស៊ីលើផ្នែកអចលនទ្រព្យ ក៏ទីផ្សារបច្ចុប្បន្នកំពុងទិញលក់ជាធម្មតា ដូចជាផ្ទះបុរី និងចរន្តទីផ្សារនៅ[មាន]តុល្យភាពជាធម្មតា។»
ស្របពេលដែលស្ថានការណ៏កំពុងតានតឹងលោកស្រី អាន សុធីតា ប្រធានផ្នែកទីផ្សាររបស់ CBRE និយាយថាស្ថានការណ៏ខាងលើ នឹងធ្វើអោយអ្នកវិនិយោគធំគិតនឹងពិចារណាដោយពន្យារពេលក្នុងការវិនិយោគតែមិនរំពឹងថា វិនិយោគធំទាំងអស់នោះបោះបង់កម្ពុជាចោលនោះទេ។
លោកស្រីមានប្រសាសន៏ថា៖ « អ្នកទិញលក់ផ្នែកអចលនទ្រព្យនៅតែដំណើរការជាធម្មតា តែមិនជាសកម្មខ្លាំងពេកនោះទេ។ ចំពោះអ្នកវិនិយោគធំៗកំពុងផ្អាកផែនការសិក្សាគម្រោងសិនមួយរយះ។ លោកស្រីបានបន្តទៀតថា៖ «ក្រោយពីការប្រារព្វព្រះរាជាពិធីបុណ្យអុំទូកចប់នោះ អ្នកវិនិយោគិននឹងបន្តការអភិវឌ្ឍទៀតជាមិនខាន។»
អ្នកជំនាញលើវិស័យអចលនទ្រព្យបានបង្ហាញអោយដឹងថា ទោះបីជាសកម្មជនគណៈបក្សសង្គ្រោះបានបង្ហាញពីពេលវេលាវិលចូលស្រុកវិញក៏ដោយ ក៏អ្នកជំនាញនៅតែអះអាងថាមិនបង្កអោយមានកត្តាណាមួយដែលផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងវិស័យអចលនទ្រព្យខ្លាំងពេកនោះដែរ។ ដោយនាពេលបច្ចុប្បន្នទីផ្សារផ្នែកអចលនទ្រព្យ សំណង់ ខុនដូ ការពុះដីឡូត៍លក់កំពុងមានសកម្មភាពយ៉ាងសកម្ម ដែលមិនមានភាពខុសប្រក្រតីណាមួយកើតមានឡើងនោះដែរ ខណះពេលដែលសេដ្ឋកិច្ចក្នុងស្រុកមានកំណើន ៧ ភាគរយក្នុងមួយឆ្នាំ។
លោក ព្រាប កុល បានអះអាងថា ព្រឹត្តិការណ៏នេះនឹងបង្កផលអវិជ្ជមានដល់សេដ្ឋកិច្ចខ្មែរខាតបង់ច្រើន។
លោកមានប្រសាសន៏ថា៖ « ការខាតបង់នេះដោយសារតែអ្នកវិនិយោគមិនចង់ដាក់ទុនរកស៊ីនិងពន្យាពេលសម្រេចចិត្តធ្វើការវិនិយោគ ចរន្តពណិជ្ជកម្មនឹងមានការកាត់បន្ថយល្បឿនជាពិសេសអាជ្ញាធរត្រូវចំណាយលុយច្រើនលានដើម្បីទប់ស្កាត់និងចល័តទ័ពត្រៀមទប់ស្កាត់បាតុភូតភាពជាយថាហេតុដោយវានឹងអាចប្រឈមបាត់បង់ការអនុគ្រោះពន្ធ EBA និង GSP»។
ទាក់ទងនឹងវិស័យអចនទ្រព្យ ក្រសួងនគរូបនីយកម្មនិងសំណង់បានបញ្ចេញរបាយការណ៍មួយស្តីពីការបូកសរុបលទ្ធផលការងារ ៩ ខែ ដើមឆ្នាំ ២០១៩ និងទិសដៅការងារបន្តរបស់ក្រសួង។ យោងតាមរបាយការណ៍នោះ គិតត្រឹម រយៈពេល ៩ ខែ ដើមឆ្នាំ ២០១៩ នេះ ទុន វិនិយោគនៅក្នុងវិស័យសំណង់មានជាង $6,000 លានដុល្លារ ពោលគឺកើនឡើងជាង ៣៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ៕
