
ដោយៈ ទិន សខាវុធ
លោក Te Taing Por ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បាកថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសកសិកម្មមួយ ដូចនេះការបង្កើតរោងចក្រកែច្នៃចំណីអាហារ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលផលិតផលកសិកម្ម គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការបង្កើតទីផ្សារសំរាប់កសិផលកសិកម្មខ្មែរ។
លោកបានបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងនាំចូលផលិតផលចំណីអាហារពីប្រទេសជិតខាងប្រមាណពី $6,000 ទៅ $7,000 លានដុល្លារក្នុងមួយឆ្នាំ។
ទាក់ទងនឹងរោងចក្រកែច្នៃចំណីអាហារពីកសិផលក្នុងប្រទេស យ៉ាងហោចណាស់ក៏មានរោងចក្រផលិតចំណីអាហារចេញពីផ្លែស្វាយចំនួន ៣ ទៀតដែរ ដែលនឹងត្រូវបើកអោយដំណើរការនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ នេះបើយោងតាមក្រសួងកសិកម្ម។
លោក ងិន ឆាយ អគ្គនាយកនាយកដ្ឋានកសិកម្ម បានអោយដឹងថា រោងចក្រផ្លែស្វាយទាំងនោះ នឹងជាទីផ្សារដ៏ល្អមួយដែលនឹងស្រូបទាញយកផលិតផលផ្លែស្វាយរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេសបានច្រើនគួរសម។
លោក ងិន ឆាយ បានបន្ថែមទៀតថា រហូតមកដល់ពេលបច្ចុប្បន្ននេះ មានរោងចក្រផ្លែស្វាយចំនួន ៨ ហើយកំពុងតែដំណើរការផលិតចំណីអាហារធ្វើពីផ្លែស្វាយសំរាប់នាំចេញ។ ក៏ប៉ុន្តែ ការនាំចេញផលិតផលពីផ្លែស្វាយទាំងនោះ នៅមានកំរឹតទាបនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។
ឯចំណែកលោក សៀង ថាយ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម នៅពេលថ្មីៗនេះ បានសុំអោយម្ខាស់រោងចក្រផ្លែស្វាយទាំងឡាយចុះកិច្ចព្រមព្រៀងជាមួយនឹងកសិករ ក្នុងការទិញផ្លែស្វាយរបស់ពួកគាត់។
លោក សៀង ថាយ ក៏បានសុំអោយមន្ទីរពាណិជ្ជកម្មនៅតាមខេត្តនានា ធ្វើយ៉ាងណាជួយសំរួលដំណើរការផ្តល់លិខិតសំគាល់ទីកន្លែង អោយដល់រោងចក្រផ្លែស្វាយនានាផងដែរ។
យោងតាមតួលេខរបស់ក្រសួងកសិកម្ម ដំណាំស្វាយត្រូវបានដាំនៅលើផ្ទៃដីប្រមាណជា ១០០,០០០ ហិកតា នៅទូទាំងប្រទេស។
មួយវិញទៀត នៅពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរៀបចំនាំផ្លែស្វាយចេញទៅលក់នៅលើទីផ្សារនៃប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិន ដែលនឹងជាទីផ្សាយដ៏ធំពីរសំរាប់ផលិតផលផ្លែស្វាយកម្ពុជា៕
