ដោយ៖ពេជ្រ
ភ្នំពេញ៖ វិស័យខុនដូនៅកម្ពុជានឹងងើបមុខឡើងវិញ ក្នុងត្រីមាសទី២ឆ្នាំ២០២១។ នេះបើតាមអ្នកវិភាគជំនាញក្នុងវិស័យខុនដូ នៅកម្ពុជា។
ជាអ្នកជំនាញវិស័យខុនដូមួយរូប លោកស្រី អាន សុធីតា បានបញ្ជាក់ថា បច្ចុប្បន្នថ្វីត្បិតតែវិស័យខុនដូ កំពុងមានបញ្ហាប្រឈមក្នុងការលក់ ដោយសារតែជំងឺកូវីដក្ដី ប៉ុន្ដែទីផ្សារខុនដូនឹងងើបមុខឡើងវិញ ក្នុងចន្លោះពេលត្រីមាសទី១ ឬទី២ នៅឆ្នាំ២០២១ខាងមុខនេះ។
លោកស្រីបានបន្តថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ធ្វើឱ្យវិស័យខុនដូទទួលរងផលប៉ះពាល់ជាខ្លាំង ប៉ះពាល់ចន្លោះពី៣០-៥០ភាគរយ ប៉ុន្ដែផលប៉ះពាល់នេះមិនយូរនោះឡើយ ហើយប្រហែលជាត្រីមាសទី១ ឬទី២ ទីផ្សារខុនដូរនឹងដំណើរការល្អប្រសើរឡើងវិញ។
លោកស្រីបញ្ជាក់ថែមទៀតថា នាពេលនេះការដាក់ជួលខុនដូមានការធ្លាក់ចុះ ដោយសារតែមិនមានអតិថិជនបរទេស ភាគច្រើនជនទាំងនោះត្រឡប់ទៅកាន់ប្រទេសកំណើត ចំណែកឯជនបរទេសផ្សេងទៀត មិនអាចត្រឡប់ពីប្រទេសខ្លួនចូលកម្ពុជា ដោយសារតែជំងឺកូវីដ១៩នេះ។ ទាំងនេះធ្វើឲ្យអត្រាទំនេរនៃខុនដូកើនឡើងខ្ពស់ បើធៀបនឹងពីមុខអត្រាទំនេរនេះ មានចន្លោះតែ១៥-២០ភាគរយប៉ុណ្ណោះ ប៉ុន្ដែពេលនេះធ្លាក់ចុះចន្លោះពី៣០-៥០ភាគរយ៕
ប្រភព៖ក្នុងស្រុក