
ដោយ៖ ហួ ឆេងស៊ីម
ជាការពិតណាស់ អាហារពេលព្រឹកគឺជាអាហារដែលសំខាន់ជាងគេក្នុងចំណោមអាហារទាំង៣ពេលក្នុង១ថ្ងៃ។ វាជួយដាស់ឲ្យរាងកាយអ្នកមានភាពសកម្មពីព្រលឹម និងផ្តល់នូវថាមពលដែលរាងកាយត្រូវការ។ លើសពីនេះទៀត អ្នកចំណាយពេលអស់មួយយប់សម្រាប់គេង ហើយរាងកាយមិនបានទទួលនូវអាហារសោះ ដូចនេះមានតែពេលព្រឹកនេះហើយដែលជាពេលវេលាសំខាន់ក្នុងការបំពេញនូវចំណីអាហារ ចៀសវាងក្រពះមានបញ្ហា។ ដោយឡែក មនុស្សមួយចំនួនធំបែរជាចូលចិត្តរំលងអាហារពេលព្រឹកនេះទៅវិញ ទោះដឹងថាវាសំខាន់ក៏ដោយ។ ខាងម្រោមនេះជាបញ្ហាប្រឈមទាំង៥ ក្នុងការមិនទទួលទានអាហារពេលព្រឹក ៖
- ប្រឈមនឹងគ្រួសក្នុងតម្រងនោម៖ នៅពេលគម្លាតពីអាហារពេលល្ងាច និង ពេលព្រឹកមានរយៈពេលយូរពេក ធ្វើឱ្យអ្នកប្រឈមនឹងការកើតនូវគ្រួសក្នុងតម្រងនោម ព្រោះក្រពះរបស់អ្នកគ្មានអ្វីកិនរហូតដល់លើសពី ១០ម៉ោង។ដូចនេះ វាមិនមែនជារឿងលេងសើចនោះទេ អ្នកគួរយកចិត្តទុកដាក់បន្តិចព្រោះអាចមានបញ្ហាដល់សុខភាព។
- ធ្វើឱ្យមាត់របស់អ្នកមានក្លិនមិនល្អ៖ អ្នកដឹងទេថា អាហារពេលព្រឹកអាចប៉ះពាល់អារម្មណ៍របស់អ្នកពេញមួយថ្ងៃ? ការមិនទទួលវា គឺអាចធ្វើឱ្យអ្នកងាយម៉ួរម៉ៅ និង គិតអ្វីមិនចេញជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឱ្យបាក់តេរីនៅក្នុងមាត់ងាយកកើត និង ធ្វើឱ្យមាត់របស់អ្នកមានក្លិនមិនល្អ។ ដូចនេះ បើមិនចង់មានក្លិនមាត់មិនល្អនោះ អ្នកគួរចាប់ផ្តើមបរិភោគអាហារពេលព្រឹកវិញទៅ។
- ធ្វើឱ្យការចងចាំចុះអន់ខ្សោយ៖ អ្នកប្រហែលជាមិនដឹងទេថា ការរំលងអាហារពេលព្រឹកនឹងអាចធ្វើឱ្យអ្នកប្រឈមនឹងការចងចាំ និង ខួរក្បាលចុះអន់ខ្សោយ ពីព្រោះពេលអ្នកមិនបរិភោគរយៈពេលយូរពេល សម្ពាធឈាមក្នុងរាងកាយធ្លាក់ចុះ ហើយបញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរនៅពេលអ្នកកាន់តែចាស់។ ដូចនេះ បើមិនចង់ឱ្យខួរក្បាលចុះដុនដាបទេ អ្នកមិនគួររំលងអាហារពេលព្រឹកទៀតឡើយ។
- ប្រឈមនឹងការធាត់លើសដើម៖ នារីមួយចំនួនគិតថា ការតមអាហារពេលព្រឹកធ្វើឱ្យខ្លួនស្រកទម្ងន់ តែការពិតពេលរាងកាយមិនបានទទួលយកនូវអាហារពេលព្រឹកនឹងធ្វើឱ្យឃ្លានខ្លាំងនៅពេលបន្ទាប់ ឬ ពេញមួយថ្ងៃ។ ការឃ្លានខុសពេលធ្វើឱ្យអ្នកបរិភោគនូវចំណីចំណុកនានាច្រើនលើសការបរិភោគអាហារពេលព្រឹកទៅទៀត ជាពិសេស ធ្វើឱ្យអ្នកឃ្លានរបស់ផ្អែមៗ ដែលអាចឱ្យឡើងទម្ងន់ដោយមិនដឹងខ្លួន។
- ប្រឈមនឹងជំងឺបេះដូង៖ បើអ្នកទម្លាប់រំលងអាហារពេលព្រឹករយៈពេលយូរ អ្នកនឹងអាចប្រឈមនឹងជំងឹបេះដូង ព្រោះសរសៃឈាមត្រូវបានរាំងស្ទះដោយការធ្វើប្រតិកម្មខ្លាំងនៃចរន្តឈាម ដែលប្រតិកម្មនេះអាចធ្វើឱ្យប៉ះពាល់ដល់បេះដូង និង កកើតជាជំងឺខ្សោយបេះដូងទៀតផង។
ដូចនេះបន្ទាប់ពីបានយល់ដឹងនូវផលវិបាកដែលអ្នកអាចប្រឈមពីការមិនបរិភោគអាហារពេលព្រឹកនេះហើយ អ្នកគួរឈប់ព្រងើយកន្តើយ ហើយយកចិត្តទុកដាក់ជាមួយសុខភាពរបស់ខ្លួនវិញ ដោយការបរិភោគអាហារឲ្យបានគ្រប់៣ពេល ក្នុង ១ថ្ងៃ ជាពិសេសគឺអាហារពេលព្រឹកដែលសំខាន់ជាងគេសម្រាប់រាងកាយរបស់លោកអ្នក៕

