We TV Cambodia

អ្នកជំនាញ៖ ទីផ្សារអចលនទ្រព្យវៀតណាម នឹងងើបក្បាលឡើងវិញ ក្នុងរយៈពេលយ៉ាងខ្លី

អ្នកជំនាញ៖ ទីផ្សារអចលនទ្រព្យវៀតណាម នឹងងើបក្បាលឡើងវិញ ក្នុងរយៈពេលយ៉ាងខ្លី

ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យវៀតណាម មិនត្រឹមតែទើបកើតមាន ក្នុងអំឡុងនៃការផ្ទុះមេរោគ កូវីដ ១៩នេះទេ ពោលវាបានធ្លាក់ចុះតាំងតែពីដើមឆ្នាំ២០១៩ម្ល៉េះ រហូតមកទល់ពេលនេះ ស្របគ្នានឹងការផ្ទុះ មេរោគនេះទៀតសោត វៀតណាមកាន់តែមានភាពដុនដាប ខ្លាំងលើវិស័យអចលនទ្រព្យ។ ប៉ុន្ដែសម្រាប់​​ការលើកឡើង របស់អ្នកជំនាញ មួយចំនួនបានបញ្ជាក់ថា ទោះបីជាវៀតណាមប្រឈមមុខ នឹងការធ្លាក់ចុះផ្ទួនៗគ្នាក៏ដោយ ក៏គ្រប់យ៉ាងនឹងអាចមានភាពប្រសើរឡើងវិញបានដែរ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។

របាយការណ៍ចុងត្រីមាសទីមួយ ក្នុងឆ្នាំ២០២០ ចេញដោយ ក្រសួងសំណង់ប្រទេសវៀតណាម បានបង្ហាញអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយមេរោគ កូវីដ១៩ ទាំងផ្នែកអាជីវកម្ម និង វិនិយោគលើវិស័យអចលនទ្រព្យ។ ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់ការលើកឡើងរបស់​លោក Nguyen Trong Ninh ប្រធានផ្នែកគ្រប់គ្រងទីផ្សារអចលនទ្រព្យ និង លំនៅដ្ឋានបានបញ្ជាក់ថា ទីផ្សារវិស័យមួយនេះ គឹមិន​មានភាពកកស្ទះនោះទេ ជាក់ស្ដែងវាក៏បានវិវត្ដខ្លួនតាមដំណើរ ហើយផ្នែកខ្លះ ដូចជាលំនៅដ្ឋាន មានភាព កើនឡើងបន្ដិចបន្ដូច។

នៅក្នុងទីក្រុង ហាណូយ តម្លៃ អាផាតមិន ជាមធ្យមមានការកើនឡើង ១.០២% ជាប្រចាំឆ្នាំ ក្នុងអំឡុងពេល ៤ខែ ដើមឆ្នាំ ស្របពេលដែល ទីផ្សារក្នុងទីក្រុង ហូជីមីញ មានការកើនឡើង ៣.៥%។

លោក Le Hoang Chau ប្រធានសមាគម អចលនទ្រព្យក្នុងទីក្រុង ហូជីមីញ បានថ្លែងថា ទីផ្សារអចលនៈទ្រព្យខណៈពេលនេះ កំពុងតែបង្ហាញពីភាពនឹងនរល្អប្រសើរ។ តម្រូវការសម្រាប់លំនៅដ្ឋាន នៅតែមាន សភាពខ្ពស់ ដូច្នេះទីផ្សារវិស័យមួយនេះ នឹងល្អប្រសើរឡើងវិញ ក្រោយពេលមេរោគ កូវីដ១៩ត្រូវបញ្ចប់។

លោក Su Ngoc Khuong បានចង្អុលបង្ហាញពីសញ្ញាវិជ្ជមានជាច្រើនដែលជំរុញពីការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។ លោកបាន បញ្ជាក់ថា នាពេលថ្មីៗនេះរដ្ឋាភិបាលបានចេញនូវគោលនយោបាយអនុគ្រោះ ទៅដល់សហគ្រាសដែលទទួលរងផលប៉ះពាល់ រួមជាមួយនឹងដំណោះស្រាយដែលតម្រូវឲ្យមានការកាត់បន្ថយពីនីតិវិធីរដ្ឋបាល និង ការពន្លឿនការចំណាយលើវិស័យវិនិយោគ។ ដែលទាំងនេះ វានឹងធ្វើឲ្យអាជីវកម្មក្នុងប្រទេសវៀតណាម មានដង្ហើមដកឡើងវិញ ដោយរួមបញ្ចូលទាំង​វិស័យអចលនទ្រព្យផងដែរ។​ លោកបានបន្ថែមថា ប្រទេសវៀតណាមក៏ បានបញ្ជាក់ពីទិសដៅប្រកបដោយសុវត្ថិភាពនិង មិត្តភាពសម្រាប់ការវិនិយោគិនបរទេស។

ចំណែក លោក Stephen Wyatt នាយកប្រចាំប្រទេសនៃក្រុមហ៊ុន JLL Vietnam កីបានមានប្រសាសន៍​ថា កំណើនសេដ្ឋកិច្ចវិជ្ជមាន ស្ថានភាពនយោបាយមានស្ថេរភាព និងក្របខ័ណ្ឌច្បាប់មានតម្លាភាព គឺជាគុណសម្បត្តិសម្រាប់ប្រទេសវៀតណាម។

ប្រែសម្រួលដោយ៖ Stince

ប្រភព៖ VN News

Related Articles