ទីផ្សារខុនដូនឹងមិនមានការកើនឡើងវិញនៅក្នុងឆ្នាំ២០២០ នេះទេ ដោយគេត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយទើបឃើញមានសញ្ញានៃការកើនឡើងវិញជាបណ្ដើរៗ។ នេះបើយោងតាមការលើកឡើងដោយអ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យ។
មូលហេតុដែលទីផ្សារខុនដូមិនអាចកើនឡើងនៅក្នុងឆ្នាំនេះបាន ដោយសារតែគេមើលឃើញថា ស្ថានភាពវិបត្តិកូវីដ១៩ នៅកម្ពុជា និងនៅទូទាំងពិភពលោក កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ដោយមិនទាន់មានសញ្ញាណាមួយបញ្ជាក់ពីការគ្រប់គ្រងបានទាំងស្រុង ឬការរកឃើញវ៉ាក់សាំងក្នុងការការពារជំងឺនេះនៅឡើយទេ។
មួយវិញទៀត វិស័យជាច្រើនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយកម្មករ និងបុគ្គលិកដែលបម្រើការងារក្នុងវិស័យទាំងនោះ ភាគច្រើនបានបាត់បង់ការងារ និងមួយចំនួនទៀតត្រូវបានកាត់បន្ថយប្រាក់ខែជាដើម ដែលធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល ហើយតម្រូវការខុនដូក៏បានធ្លាក់ចុះទៅតាមនោះដែរ។
លើសពីនេះទៅទៀត សេដ្ឋកិច្ចជាតិទាំងមូលត្រូវការពេលវេលាក្នុងការស្ដារឡើងវិញ ដោយមិនអាចស្ទុះឡើងវិញភ្លាមៗបន្ទាប់ពីចប់វិបត្តិកូវីដ១៩ នោះទេ ព្រោះផលប៉ះពាល់ក៏មិនមែនមានតែកម្ពុជាយើងមួយដែរ ពោលគឺពិភពលោកទាំងមូល ហើយចរន្តសេដ្ឋកិច្ច គឺស្ថិតក្នុងសកលភាវូបនីយកម្ម ដែលប្រទេសទាំងអស់ត្រូវពឹងពាក់គ្នាទៅវិញទៅមក និងត្រូវការពេលវេលាក្នុងការស្ដារឡើងវិញ។
សូមជម្រាបផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះខ្លាំង ជាពិសេសគឺខុនដូ ដោយអគារខ្ពស់ៗជាច្រើនបានបណ្ដែតខ្លួនឡើងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តផ្សេងៗទៀត។
អត្ថបទដោយ៖ Nevin