We TV Cambodia

អ្នកជំនាញ៖ ខុនដូនឹងមានសន្ទុះខ្លាំងនៅឆ្នាំក្រោយ បន្ទាប់ពីមានទឹកជំនន់នៅឆ្នាំនេះ

អ្នកជំនាញ៖ ខុនដូនឹងមានសន្ទុះខ្លាំងនៅឆ្នាំក្រោយ បន្ទាប់ពីមានទឹកជំនន់នៅឆ្នាំនេះ

វិស័យខុនដូនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានកំណើនខ្ពស់គួរសម បើធៀបទៅនឹងកាលពី ៥ឆ្នាំមុន តែបើធៀបនឹងសន្ទុះផ្ទះល្វែង ខុនដូហាក់នៅអនថយនៅឡើយ ប៉ុន្តែនៅឆ្នាំក្រោយខុនដូអាចនឹងមានសន្ទុះខ្លាំងជាងនេះថែមទៀត។

បើតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យបានឲ្យដឹងថា វិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញនឹងមានការកើនឡើងវិញនៅឆ្នាំក្រោយ ទោះបីជាឆ្នាំនេះវាមានសញ្ញាមិនល្អក៏ដោយ ព្រោះថាបន្ទាប់ពីទឹកជំនន់បានជន់លិចបុរីជាច្រើននៅឆ្នាំនេះ ប្រជាពលរដ្ឋនឹងបង្វែរការចាប់អារម្មណ៍ និងយល់ពីគុណសម្បត្តិរបស់ខុនដូវិញ ព្រោះថាការរស់នៅខុនដូគឺមិនជួបហានិភ័យទាំងអស់នោះទេ។

លើសពីនេះទៅទៀត ក្រៅពីមិនប្រឈមនឹងបញ្ហាទឹកលិច ខុនដូក៏ផ្ដល់ទីតាំងល្អដល់អ្នករស់នៅក្នុងការទៅធ្វើការ និងប្រកបរបររកស៊ីផ្សេងៗទៀតផងដែរ ដោយខុនដូភាគច្រើនគឺសាងសង់នៅកណ្ដាលទីប្រជុំជន។ មិនតែប៉ុណ្ណោះ ចំពោះការរស់នៅក៏មានសុវត្ថិភាពផងដែរ ដោយមានការការពារបានយ៉ាងជាប់លាប់ មិនបារម្ភពីការលួចឆក់អ្វីនោះទេ។

សូមជម្រាបថា ខុនដូក្នុងប្រទេសកម្ពុជាភាគច្រើនគឺមានការចាប់អារម្មណ៍តែពីជនបរទេស និងយុវវ័យកម្ពុជាមួយភាគតូចតែបុណ្ណោះ ព្រោះថាប្រជាជនកម្ពុជាភាគច្រើនមិនមានទំនោរក្នុងរស់នៅខុនដូនោះទេ ដោយពយកគេចង់រស់នៅផ្ទះជាជាងខុនដូ។ តែទោះជាយ៉ាងណា បរិបទនេះបានចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងៗទៅតាមសម័យកាលជាបណ្ដើរៗហើយ។

អត្ថបទដោយ៖ Nevin

Related Articles