
ដោយៈ ទិន សុខាវុធ
អ្នកជំនាញផ្នែកអចលនទ្រព្យលើកទឹកចិត្តអោយបណ្តាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យទាំងឡាយ សាងសង់ឃ្លាំងទុកសំរាប់ជួលអោយបានច្រើន សមស្របទៅតាមសេចក្តីត្រូវការឃ្លាំងសំរាប់ស្តុកទុកទំនិញផ្សេងៗ នៅពេលដែលវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងតែរីកចំរើនយ៉ាងឆាប់រហ័យ។
យោងតាមគេហទំព័រ Realestate.com.kh កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងពិធីតាំងពិពណ៌អចលនទ្រព្យ ដែលត្រូវបានរៀបចំឡើងនៅសណ្ធាគារ NagaWorld លោក សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានអះអាងថា ការសង់ឃ្លាំងនៅតាមតំបន់ជាយក្រុងទុកសំរាប់ជួល នឹងទទួលបាននូវប្រាក់ចំណេញគូរជាទីគាប់ចិត្ត។
លោកបញ្ជាក់ថា៖ «ខ្ញុំអាចធានាបានថាប្រសិនបើយើងមានដើមទុន និងធនធាន ដើម្បីសាងសង់ឃ្លាំងនៅជាយក្រុងយើងនឹងទទួលបានប្រាក់ចំណូលល្អ។ ប្រសិនបើយើងសាងសង់ឃ្លាំងសម្រាប់ជួល យើងអាចទទួលបានប្រាក់ចំណេញយ៉ាងហោចណាស់ ៨ ទៅ ១០ ភាគរយ ខណៈដែលការជួលខុនដូអាចបង្កើតចំណូលឲ្យយើងបានពី ៥ ទៅ ៨ ភាគរយតែប៉ុណ្ណោះ»។
យោងតាមរបាយការណ៍របស់ VTrust Appraisal ចំនួនក្រុមហ៊ុននិងសហគ្រាសនៅរាជធានីភ្នំពេញមានការកើនឡើងយ៉ាងខ្លាំង ពោលគឺផ្ទៃសំរាប់សាងសង់ក្រុមហ៊ុនសហគ្រាសទាំងនោះ កើនពី ៣១,០០០ ម៉ែត្រក្រឡា កាលពីឆ្នាំ ១៩៩៨ ដល់ប្រហែលជា ១,៥៨ លានម៉ែត្រការ៉េនៅក្នុងឆ្នាំ ២០១៨ ។
ឯចំណែកលោក ចេង ខេង នាយកប្រតិបត្តិក្រុមហ៊ុន CPL វិញ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកាន់តែមានចិត្តចង់ដាក់ប្រាក់វិនិយោគនៅក្នុងអាជីវកម្មឃ្លាំងនេះ។
បើតាមលោក ចេង ខេង អ្នកវិនិយោគចំណាយប្រាក់ជាមធ្យមចាប់ពី $80 ដុល្លារ ទៅ $120 ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដើម្បីសាងសង់ឃ្លាំងនិមួយៗ។
«តម្រូវការកន្លែងសម្រាប់រោងចក្រកំពុងកើនឡើងដោយសារតែការកើនឡើងនៃការផ្តូរទីតាំងរោងចក្រពីប្រទេសចិនមកប្រទេសកម្ពុជា។ បន្ថែមលើនេះ ដោយសាររដ្ឋាភិបាលតម្រូវឲ្យមានការផ្លាស់ទីរោងចក្រពីខាងក្នុងទីក្រុងភ្នំពេញទៅជាយក្រុងនិងព័ទ្ធជុំវិញផ្លូវក្រវ៉ាត់ក្រុង ដូច្នេះតម្រូវការកន្លែងស្តុកទុកនឹងកាន់តែធំហើយការវិនិយោគក្នុង អាជីវកម្មឃ្លាំងគឺជាជម្រើសដ៏ល្អមួយ» នេះជាការលើកឡើងរបស់លោក ចេង ខេង ៕
