
ដោយៈ ទិន សុខាវុធ
លោក គឹម ហ៊ាង ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ តាំងពីជាង ៣ ទសវត្សមកហើយនោះ បានលើកឡើងថា ក្នុងរយពេល ២ ឆ្នាំខាងមុខនេះ ខុនដូនឹងដើរតួនាទីយ៉ាងចំបងក្នុងវិស័យអចលទ្រព្យ ដោយហេតុថា វាជាសំណង់លំនៅដ្ឋានដែលមានតំលៃសមរម្យនៅក្នុងក្រុង ដែលជាទីកន្លែងដ៏និយមចូលចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់វណ្ណៈជាន់ថ្នាក់ទាំងអស់។
អ្នកជំនាញអចលនទ្រព្យរូបនេះ ហ៊ានអះអាងថាដូច្នេះ ដោយសារលោកយល់ថា បុរីភាគច្រើនស្ថិតនៅជាយក្រុង ដែលជាកន្លែងឆ្ញាយពីកន្លែងធ្វើការ ដែលភាគច្រើនស្ថិតនៅកណ្តាលក្រុងធំៗ។ មួយវិញទៀត ការធ្វើដណើរពីជាយក្រុងមកកន្លែងធ្វើការក្នុងក្រុង តែងតែជួបប្រទះបញ្ហាស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ។ អាស្រ័យហេតុនេះ ជំរើសដ៏ល្អរបស់ប្រជាពលរដ្ឋ គឺអគារខុនដូនៅកណ្តាលក្រុង។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញរូបនេះនៅតែទទួលស្គាល់ថា នៅពេលបច្ចុប្បន្ន ដីឡូតិ៍និងបុរីនៅតែមានសន្ទុះយ៉ាងខ្លាំងក្លា ក្នុងរយពេលប៉ន្មានឆ្នាំចុងក្រោយនេះ ព្រោះមានសកម្មភាពលក់និងទិញ យ៉ាងមមាញឹកជាទីបំផុត ចាប់តាំងពីឆ្នាំ ២០១៧ មក៕
