We TV Cambodia

អ្នកជំនាញយល់ថា កម្ពុជាគួរបង្កើនការវិនិយោគវិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតថាមពល

អ្នកជំនាញយល់ថា កម្ពុជាគួរបង្កើនការវិនិយោគវិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតថាមពល
លោកស្រី ខត់នី វ៉េតធើប៊ី អ្នកឯកទេសវិស័យថាមពលក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយៈ ទិន សុខាវុធ

លោកស្រី ខត់នី វ៉េតធើប៊ី អ្នក​ជំនាញ​វិស័យ​ថាមពលជនជាតិ​អាមេរិកាំង បាន​លើកឡើងថា ប្រទេសក្នុង​តំបន់​អាស៊ាន រួម​ទាំងប្រទេស​កម្ពុជា​ផង​ដែរ​នោះ នឹងត្រូវ​ការថាមពលច្រើន​ជាង​មុនរហូត​​ដល់​ទៅ ៦៦% នៅ​ត្រឹម​ឆ្នាំ ២០៤០ ខាង​មុខ​នេះ​។

អាស្រ័យ​ហេតុនេះ កម្ពុជា​គួរ​តែ​ធ្វើការវិនិយោគ​បន្ថែម​ទៀត ក្នុង​វិស័យ​ថាមពល ដោយធ្វើការពង្រីក​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី និងធ្វើការ​កែទំរង់​របៀបរបបគ្រប់គ្រង​វិស័យ​ថាមពល​។

យោង​តាម​អ្នក​ជំនាញ​រូបនេះ ដោយហេតុថា​ប្រទេស​កម្ពុជា​មាន​ការរីកចំរើន​ទៅ​មុខ​​ដ៏​គួរ​អោយ​កត់សំគាល់ ប្រជាជនភាគច្រើន​ចាប់ផ្តើមចូលមករស់​នៅ​ក្នុង​ទីក្រុង ដែលនាំ​អោយ​មានការប្រើប្រាស់​ឧបករណ៍ទំនើបៗ ដែល​នឹង​ធ្វើ​អោយ​តំរូវ​ការនៃថាមពលអគ្គិសនីកាន់តែកើន​ឡើង​ជា​លំដាប់ គឺ​ប្រហែលជាពី ១០% ទៅ ២០% ក្នុង​មួយ​ឆ្នាំ​។

លោក​ស្រី ខត់នី វ៉េតធើប៊ី បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​គួរ​តែ​ធ្វើ​ពិពិធកម្ម​វិស័យ​ថាមពល ពីព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​ត្រូវ​ពឹង​ផ្អែក​ជា​ខ្លាំង​ទៅលើ​វារី​អគ្គិសនី​រហូត​ទៅដល់ ៦៦% ដែលជាប្រការធ្វើអោយ​មាន​ហានិភ័យ​ខ្ពស់​ខ្លាំងណាស់​។

អ្នក​ជំនាញ​រូបនេះ បាន​ផ្តល់​ជា​អនុសាសន៍ថា ការវិនិយោគ​ទៅ​លើ​ថាមព​សូឡា​​នៅ​កម្ពុជា គឺ​ជា​ជំរើស​មួយ​ដ៏​ល្អ​បំផុត ដោយហេតុថា ​​កម្ពុជា​ស្ថិត​ក្នុងទីតាំង​ភូមិសាស្ត្រ​មួយ​នៅ​លើ​ផែនដី​​ដែល​មាន​ពន្លឺ​ថ្ញៃ​យ៉ាង​​ពេញ​បរិបូណ៍ សំរាប់​បង្កើត​ថាមពល​កកើត​ឡើង​វិញ​​នេះ​៕

Related Articles