We TV Cambodia

អ្នកជំនាញថា វិស័យសំណង់ត្រូវការកំលាំងពលកម្មប្រកបដោយជំនាញនិងគុណភាព

រូបថតៈ We TV Cambodia / Theara Thoeurn

ដោយៈ ទិន សុខាវុធ

អ្នកជំនាញ​ផ្នែកសំណង់បានអះអាង​ថា កម្ពុជា​កំពុង​ត្រូវ​ការកំលាំង​ពលកម្ម​​ប្រកបដោយ​ជំនាញ​​និងគុណភាព​ ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃទីផ្សារ​ការងារក្នុងវិស័យ​សំណង់។

យោង​តាម​​លោក វីរុត​ ផានិតភុត​ចាម៉ាន់ នាយក​គ្រប់គ្រងផ្នែកទីផ្សារ​របស់​ក្រុមហ៊ុន​ SCG នៅ​កម្ពុជា  កាលពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក បាន​បណ្តុះបណ្តាល​មេ​ជាង​សំណង់​ជំនាញ​បាន​ ២០០ នាក់​ហើយ​ កាល​ពី​ឆ្នាំ​ទៅ ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ខិតខំធ្វើយ៉ាង​ណា បណ្តុះបណ្តាលមេ​ជាង​សំណង់​អោយ​បាន​ ២០០ នាក់បន្ថែមទៀត​។

មួយវិញទៀត យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម និងសំណង់ វិស័យ​សំណង់​នៅ​កម្ពុជា​ បានផ្តល់​ការងារ​ជិត ៣ ម៉ឺន​ការងារ​សំរាប់​ពលករខ្មែរ ក្នុង​មួយ​ថ្ងៃ​។ សំរាប់​កម្មករ​គ្មានជំនាញ ពួកគេទទួលបានប្រាក់ឈ្នួល ៣ ម៉ឺនរៀល ក្នុង​មួយ​ថ្ងៃ​។ ចំណែកឯ​កម្មករមានជំនាញវិញ ពួក​គេ​ទទួលបាន ៦ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ រីឯ​ វិស្វករ ស្ថាបត្យករ និង អ្នក​ជំនាញ​ផ្សេង​ៗ ទទួល​បាន​ប្រាក់​ឈ្នួល​ពី $400 ដុល្លារ ទៅ $2,500 ដុល្លារ​ ក្នុង​មួយ​ខែ​។

ទាក់ទង​នឹងរឿបនេះ លោក​ស្រី Inguna Dobraja នាយិកា​ធនាគារពិភពលោក ប្រចាំ​នៅកម្ពុជា  នៅ​ក្នុងសន្ទរកថា នៅ​ក្នុង​ពិធី​​ប្រកាស​​ដាក់​អោយ​ប្រើប្រាស់​របាយការណ៍​ស្តីពី «អនាគតការងារនៅប្រទេសកម្ពុជា តំណភ្ជាប់​ទៅ​នឹង​សេដ្ឋកិច្ច​នា​ថ្ងៃ​ខាង​មុខ​» បាន​ថ្លែង​ថា ប្រជាជន​កម្ពុជា​​ ជា​មនុស្ស​​ឧស្សាហ៍​ព្យាយាម ហើយ​​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណជា ៨០ ភាគ​រយ​ កំពុង​បំពេញ​​ការងារ​ចំនួន ៨ លាន​​ការងារ​។

លោកស្រី​បានបន្ថែម​ថា ដោយហេតុថា កម្ពុជា​បាន​និង​កំពុង​​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មួយ ដែល​មាន​ការជាប់​ទាក់ទង​កាន់​តែ​ច្រើន​ឡើង​​ ៗ ទៅ​នឹង​ទីផ្សារ​អន្តរជាតិ​ និង​វិនិយោគបរទេស វិស័យ​ឯកជន​នៅ​កម្ពុជា ជាពិសេសឧស្សាហកម្មនាំចេញ បាននិង​កំពុងពង្រីក​ផលិតកម្មរបស់​ពួក​គេ​។

ជាលទ្ធផល ការងារ​ល្អ​ៗ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើងសំរាប់ជន​កម្ពុជា​ ដែល​មានស​មត្ថភាព​។ ជារួម នៅ​ចន្លោះ​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១៥ កំណើន​នៃ​ការងារមានប្រាក់ខែ គឺប្រមាណជា ១២ ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ហើយ​ ១/៣ នៃ​ការងារ​មានប្រាក់​ខែ​ទាំងនោះ ត្រូវ​បានបង្កើតឡើង​ដោយ​ក្រុមហ៊ុន​បរទេស​។

យោង​តាម​លោកស្រី​ប្រធាន​​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ទោះបី​ជា​កម្ពុជាបាន​កែលំអគុណភាពកំលាំង​ពលកម្ម​អោយ​បាន​​ល្អ​ជាង​មុន​យ៉ាង​ណា​ក៏​ដោយ ក៏​ទីផ្សារ​ការងារ​នៅ​កម្ពុជា​​ទាមទារ​នូវ​ជំនាញកាន់តែ​ខ្ពស់ទៅ ៗ ដែរ​។ កត្តា​នេះ ទាមទារ​អោយ​ប្រព័ន្ធ​អប់រំ​នៅកម្ពុជា​​ ​ត្រូវ​ធ្វើយ៉ាង​ណា​ផ្តល់​នូវជំនាញ​ទាំងឡាយ​​ដែល​ឆ្លើយ​តប​ទៅ​តំរូវ​នៃ​ទីផ្សារ​ការងារ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *