We TV Cambodia

អ្នកជំនាញថា ប្រព័ន្ធផ្សព្វផ្សាយ Digital ជួយជំរុញកំណើនអចលនទ្រព្យ

អ្នកជំនាញថា ប្រព័ន្ធផ្សព្វផ្សាយ Digital ជួយជំរុញកំណើនអចលនទ្រព្យ

ដោយៈ ទិន សុខាវុធ

អ្នក​ជំនាញ​អចលនទ្រព្យ​យល់​ឃើញថា បច្ចេកវិទ្យា digital បាន​និង​កំពុង​ជួយ​ជំរុញ​កំណើនក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពជា​ ក៏​ដូច​ជា​នៅទូទាំង​សកលលោក​​ទាំងមូល​។

យោង​តាម​គេហទំព័រ Realestate.com.kh ដែល​ជា​គេហទំព័រ​ជំនាញផ្នែកអចលនទ្រព្យ ការប្រកាសដាក់​លក់​ឬ​ផ្សព្វផ្សាយ​​នៅលើគេហទំព័រ​អចលនទ្រព្យ មាន​ការកើន​ឡើង​ឥត​ឈប់ឈរ ដោយ​ហេតុថា​ម្ចាស់​អចលនទ្រព្យ​ចាប់​ផ្តើម​យល់​ពី​សារសំខាន់​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ digital នៅ​លើ​ទីផ្សារ​អចលនទ្រព្យ។ មួយវិញទៀត អ្នទិញអចលនទ្រព្យ​ក៏​កាន់តែ​ទុក​ចិត្តទៅលើប្រព័ន្ធ digital ក្នុង​ការទិញ​អចលនទ្រព្យ​ទាំងពួង​​​ផង​ដែរ​។

លោក ម៉ឹក ចិន្តា ស្ថាបនិករបស់ក្រុមហ៊ុន Realestate.com.kh បាន​លើក​ឡើងថា បណ្តាអ្នក​លក់-ទិញ​អចលនទ្រព្យ​ទាំងឡាយ​ ​កំពុង​តែ​មាន​ការចាប់​អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​​គេហទំព័រ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​របស់​លោក​ ក្នុង​ការស្វែង​ព័ត៌មាន​​ផ្សេង​ៗ​ទាក់ទង​នឹង​វិស័យ​នេះ​។

«គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh ដែលបង្កើតឡើងមុនគេ និងដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ២០០៩ មកគឺកំពុងបានទទួលការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ អ្នកលក់ ភ្នាក់ងារ និងម្ចាស់គម្រោងធំៗ» នេះ​ជាការ​លើក​ឡើង​របស់​លោក ម៉ឹក ចិន្តា ។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា គេហទំព័រអចលនទ្រព្យ​កំពុង​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​នៃ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុតសំរាប់​ផ្តល់​ព័ត៌មាន​រហ័ស​ទាន់​ចិត្ត និង​ដ៏​គួរ​អោយ​ទុក​ចិត្ត​ នៅ​ក្នុង​ប្រតិបត្តិការ​ទិញ-លក់​អចលនទ្រព្យ​​នានា​។

យោង​តាម​គេហទំព័រ Realestate.com.kh រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ មាន​គំរោង​អចលនទ្រព្យ​ជាង​ ៤ ម៉ឺន​ត្រូវ​បាន​ដាក់​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​។ ហើយ​គំរោងអចលនទ្រព្យ​ទាំងនោះមាន​ដូចជា ដីឡូតិ៍ ផ្ទះ​​សំបែង បុរី ខុនដូ គំរោង​ពាណិជ្ជកម្ម ជាដើម​។

ចំណែកឯ​អ្នក​ស្រី តាំង ហួរ វិញ ដែល​ជា​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amatak Property Service បានប្រាប់​គេហទំព័រ​ Realestate.com.kh ថា​ការដើរអោយ​ទាន់​បច្ចេកវិទ្យា​ថ្មី​ៗ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ មាន​សារសំខាន់ណាស់​​ សំរាប់​ប្រតិបត្តិការ​ផ្សេង​ៗ​ក្នុង​វិស័យ​នេះ​។

“ខ្ញុំជឿថា ការប្រើប្រាស់បច្ចេកវិទ្យា ពិសេសគេហទំព័រ គឺអាចជួយជំរុញដល់ការទិញលក់ឲ្យកាន់តែប្រសើរឡើង។ ហើយខ្ញុំបានទទួលបានអ្នកទិញ ជាច្រើនតាមរយៈការផ្សព្វផ្សាយកន្លងមក” នេះជាការអះអាងរបស់អ្នកស្រី តាំង ហួរ​ ប្រាប់​ដល់​គេហទំព័រ Realestate.com.kh ។

យោង​តាម​អ្នក​ឯកទេស​​​អចលនទ្រព្យ ស្ថេរភាព​នយោបាយ​និងសន្តិសុខ​សង្គម​ ជាកត្តា​​​​បរានុម័ត​ដ៏​ចំបង​ក្នុង​ការធានា​អោយ​មាន​កំណើន​ក្នុង​វិស័យ​អចលនទ្រព្យ។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​អ្នកជំនាញ​អចលនទ្រព្យ​ទាំងនោះ បាន​លើកឡើងថា​ កម្ពុជា​ត្រូវការ​រយៈពេល​យ៉ាង​ហោច​ណាស់​ក៏​ ៣០ ឆ្នាំ​ទៀត​ដែរ ដើម្បី​អភិវឌ្ឍ​ប្រទេស​អោយ​ក្លាយ​​ជា​ក្រុង​ហុងកុង​ឬ​ប្រទេស​សាំងកាពួរ​នា​ពេល​បច្ចុប្បន្ន​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *