
ដោយៈ ទិន សុខាវុធ
អ្នកជំនាញវិស័យអចលនទ្រព្យបានបញ្ជាក់ថា ច្បាប់ស្តីពីសំណង់នឹងជួយលើកទឹកចិត្តអ្នកវិនិយោគក្នុងនិងក្រៅប្រទេស អោយមកបណ្តាក់ទុនវិនិយោគ ក្នុងវិស័យសំណង់កាន់តែច្រើនឡើង ៗ។
ច្បាប់ស្តីពីសំណង់ត្រូវបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការ ដោយព្រះមហាក្សត្រ នោរោត្តម សីហមុនី កាលពីដើមខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។
ទាក់ទងនឹងរឿងនេះ លោក ច្រឹក សុខនឹម ប្រធានសមាគមអ្នកវាយតំលៃអចលនទ្រព្យកម្ពុជា បានថ្លែងថា ច្បាប់នេះកំណត់ពីគុណភាពសំណង់ ដែលអាចទទួលយកបាន។ ដូចនេះ ច្បាប់នេះក៏នឹងអាចការពារផងដែរ នូវបណ្តាផលប្រយោជន៍របស់អ្នកវិនិយោគ អ្នកអភិវឌ្ឍ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់នានាផងដែរ។
ឯចំណែកអ្នកនាង អាន សុធីតា វិញ អ្នកនាងបានសំដែងក្តីសាទរចំពោះច្បាប់សំណង់ថ្មីនេះ។ អ្នកនាងយល់ថា ច្បាប់ថ្មីនេះនឹងធ្វើអោយអ្នកវិនិយោគកាន់តែមានជំនឿទុកចិត្ត ហើយគុណភាពសំណង់នឹងត្រូវបានពង្រឹងអោយកាន់តែបានខ្លាំងក្លាថែមទៀត។
ច្បាប់សំណង់ថ្មីនេះមាន ២២ ជំពូក និង ១១៣ មាត្រា ។ ចំណុចសំខាន់ៗនៃច្បាប់នេះ គឺមានគោលដៅកំណត់គោលការណ៍ និងបទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និង និតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា៕
