
ដោយៈ ទិន សុខាវុធ
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអះអាងថា ការក្តាប់អោយបាននូវព័ត៌មានសំខាន់ៗ ជុំវិញការទិញ-លក់ដីឡូតិ៍ មានសារសំខាន់ណាស់ ក្នុងការទទួលបានូវផលចំណេញ ដ៏ជាទីគាប់ចិត្ត។
នៅលើទំព័រ Facebook របស់ CVEA ប្រធានសមាគមរូបនេះបានសរសេរថា
ព័ត៌មានសំខាន់ៗទាំងនោះមានដូចជា គំរោងអភិវឌ្ឍន៍ក្រុង ផ្លូវក្រវាត់ក្រុង ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទិញ-លក់ដីឡូតិ៍ជាដើម។
ជាក់ស្តែង
អ្នកទិញ-លក់ដីឡូតិ៍ត្រូវមានព័ត៌មានច្បាស់លាស់ពីទីតាំងភូមិសាស្ត្ររបស់ដីឡូតិ៍
ដើម្បីអោយដឹងថា តើមានផែនការអភិវឌ្ឍន៍អ្វីខ្លះនៅក្នុងតំបន់នោះ មិនថាជាផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល
ឬផែនការរបស់ក្រុមហ៊ុនឯកជនឡើយ។
យោងតាមលោក ច្រឹក សុខនីម បណ្តាអ្នកទិញ-លក់ដីឡូតិ៍ខ្នាតតូច គួរទិញ-លក់ដីឡូតិ៍នៅក្នុងតំបន់ដែលសំបូរប្រជាពលរដ្ឋរស់នៅ ជាជាងទិញ-លក់ដីឡូតិ៍នៅក្បែរគំរោងសំណង់បុរីធំៗ ព្រោះអាចមានការលំបាកផ្សេងៗ ដូចជាការបាត់បង់ផ្លូវចូលទៅកាន់ដីរបស់ខ្លួនជាដើម។
មួយវិញទៀត អ្នកទិញ-លក់ដីឡូតិ៍ ក៏ត្រូវដឹងផងដែរ ពីនិន្នាការនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅពេលអនាគតថា តើពួកគេនឹងត្រូវជ្រើសរើសទៅរស់នៅក្នុងតំបន់ណាដែរ។ ហើយបើតាមអ្នកជំនាញ តំបន់កណ្តាលក្រុងនឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងផ្ទះខុនដូដែលមានតំលៃថ្លៃកប់ពពក។ ប្រការនេះនឹងធ្វើអោយប្រជាពលរដ្ឋត្រូវសំរេចចិត្តទៅរស់នៅក្នុងតំបន់ជាយក្រុង ក្នុងពេលប្រាំឆ្នាំខាងមុខនេះ។
មួយវិញទៀត បើតាមលោក ហ៊ឹម សីហា នាយកស្រាជ្រាវរបស់ក្រុមហ៊ុន Vtrust Appraisal ក្នុងរយពេល ១០ ឆ្នាំខាងមុខនេះ សំណង់ផ្ទះជាប់ដីនៅទីក្រុងភ្នំពេញ នឹងកើនឡើងពី ២ ទៅ ២.៥ ម៉ឺនខ្នងក្នុងមួយឆ្នាំ។
ទាក់ទងនឹងរឿងនេះ នៅក្នុងកិច្ចពិភាក្សាស្តីពីស្ថានភាពអចលនវត្ថុនៅកម្ពុជា
ក្នុងពេលបច្ចុប្បន្ននិងនៅថ្ងៃអនាគត កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ
លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា
បានលើកឡើងថា ៥ ឆ្នាំខាងមុខនេះ នៅទីក្រុងភ្នំពេញផ្ទះតូចៗទាំងឡាយ
នឹងត្រូវជំនួយសដោយខុនដូខ្ពស់ៗ។
លោកបានបន្តទៀតថា ក្រុមហ៊ុនសំណង់ផ្ទះល្វែងនឹងត្រូវរត់ទៅសាងសង់ផ្ទះសំបែងក្នុងចំងាយយ៉ាងតិចក៏
២០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃទីក្រុងភ្នំពេញដែរ មានដូចជាតំបន់ស្ពានព្រែកតាមាក់ជាដើម។
លោក ពុយ គា បានបន្ថែមទៀតថា
ដោយហេតុថាមានគំរោងសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប
ភាគខាងកើតចន្លោះផ្លូវក្យុងយូ និងផ្លូវជាតិលេខ ៦A ដីធ្លីនៅក្នុងតំបន់នោះត្រូវឡើងថ្លៃ៕
