We TV Cambodia

អ្នកចូលចិត្តលេងហ្គេម Minecraft ប្រយ័ត្នទូរសព្ទលែងដើរ ដោយសារតែបញ្ហានេះ

អ្នកចូលចិត្តលេងហ្គេម Minecraft ប្រយ័ត្នទូរសព្ទលែងដើរ ដោយសារតែបញ្ហានេះ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

Minecraft គឺជាហ្គេមដ៏ពេញនិយមមួយ សម្រាប់ក្មេងៗ និងយុវវ័យដែលអាចឱ្យពួកគេបង្កើន និងបង្កើតភាពច្នៃប្រឌិតក្នុងការសាងសង់។ ហ្គេមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ហើយដែលគេប៉ាន់ប្រមាណថាមានអ្នកលេងដល់ទៅ ២០០លាននាក់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ដោយសារតែកម្មវិធីនេះត្រូវបានបង្កើតឡើងដោយប្រើភាសា Java (ភាសាសម្រាប់សរសេរកម្មវិធីកុំព្យូទរ) វាបានធ្វើឱ្យមានភាពងាយស្រួលដល់អ្នកអភិវឌ្ឍកម្មវិធីផ្សេងៗទៀតអាចបង្កើតកម្មវិធី ដើម្បីបន្ថែមមុខងារចូលទៅក្នុងហ្គេមដែលគេហៅថា Modpacks។ បើយោងតាមទិន្នន័យពីក្រុមហ៊ុន Gamepedia បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មាន Minecraft Modpacks ចំនួនប្រមាណ ១៥ ០០០ កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ នៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគដ៏ល្បីបានឱ្យដឹងថា មានកម្មវិធី Minecraft Modpacks យ៉ាងតិចចំនួន ២០ ដែលជាកម្មវិធីបង្កប់មកជាមួយនឹងមេរោគ។

ក្រុមអ្នកស្រាវជ្រាវក៏បានបន្ថែមឱ្យដឹងផងដែរថាកម្មវិធីដែលមានមេរោគនេះ នឹងធ្វើឱ្យទូរសព្ទរបស់អ្នកប្រើប្រាស់ស្ទើរតែមិនអាចដំណើរការបាន បន្ទាប់ពីគេបើកកម្មវិធីនេះតែម្ដងគត់។ មូលហេតុដែលនាំឱ្យអ្នកប្រើប្រាស់ជួបបញ្ហានេះគឺ ដោយសារតែកម្មវិធីនេះនៅតែបន្តប្រតិបត្តិការទោះបីជាពួកគេបានបិទវាហើយក៏ដោយ ហើយម្យ៉ាងវិញទៀត វានឹងបន្តបើកកម្មវិធីផ្សេងៗដូចជា Web Browser, Facebook ឬ YouTube ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មថែមទៀតផង។

ក្រុមហ៊ុន Google បានលុបចោលកម្មវិធីភាគច្រើន នៅក្នុងចំណោមកម្មវិធីទាំង២០នោះចេញពី Google Play រួចហើយលើកលែងតែកម្មវិធីចំនួន ៥៖ Zone Modding Minecraft, Textures for Minecraft ACPE, Seeded for Minecraft ACPE, Mods for Minecraft ACPE និង Darcy Minecraft Mod ដែលនៅតែមាននៅក្នុង Google Play សម្រាប់ទាញយកនៅឡើយ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

 

Related Articles