
ដោយៈ ទិន សុខាវុធ
អ្នកជំនាញផ្នែកអចលនទ្រព្យ បានមានយោបល់ថា បណ្តាប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនគារមកសង់ផ្ទះជួលអោយជនជាតិចិនក្នុងការរស់នៅនិងរកស៊ី ភាគច្រើននៅក្នុងខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត អាចមានសង្ឍឹមស្រង់ដើមឡើងវិញ ក្រោយពីជនជាតិចិនដែលបានជួលផ្ទះរបស់ពួកគេ ត្រូវបានបណ្តេញចេញពីកម្ពុជា។
យោងតាមអ្នកជំនាញអចលនទ្រព្យទាំងនោះ មានធម្យោបាយពីរដែលអាចអោយម្ចាស់ផ្ទះទាំងនោះអាចស្រង់ដើមឡើងវិញបាន។ មធ្យោបាយទីមួយគឺត្រូវបន្ទាបតំលៃជួលផ្ទះ ក្នុងគោលបំណងធ្វើយ៉ាងណាអោយអ្នកជួលផ្ទះគ្រប់ប្រភេទទាំងអស់ មិនថាជាជនជាតិចិន ជនជាតិខ្មែរ ឬជនជាតិផ្សេងៗទៀត អាចពេញចិត្តនឹងជួលផ្ទះទាំងនោះ ក្នុងតំលៃមួយយ៉ាងសមរម្យ។
មធ្យោបាយទីពីរ គឺកែច្នៃផ្ទះទាំងនោះ អោយទៅជាកន្លែងរកស៊ីផ្សេងៗ ដើម្បីទាក់ទាញបណ្តាអ្នកវិនិយោគគ្រប់ជនជាតិទាំងអស់ ទាំងចិន ទាំងខ្មែរ ទាំងពួកមកពីអឺរ៉ុបនិងអាមេរិក អោយមកជួលផ្ទះទាំងនោះធ្វើជាហាង ផ្សារទំនើប ផ្ទះសំណាក់ ឬអាគារលក់ទំនិញគ្រប់បែបយ៉ាង។
មួយវិញទៀត ជនជាតិចិនដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាទាំងនោះ សុទ្ធតែបានប្រព្រឹត្តអំពើល្មើសច្បាប់ មានដូចជាការបើកការភ្នាល់ល្បែងនៅលើ Internet ឬបានបំពានទៅលើច្បាប់ដទៃទៀត នៅក្នុងចំណោមសហគមន៍ជនជាតិចិន។
ជាលទ្ធផល វាជារឿងងល្អមូយ ដែលជនខិលខូចប្រព្រឹត្តអំពើល្មើសច្បាប់ទាំងឡាយត្រូវបានបណ្តេញចេញពីកម្ពុជា មិនថាជាជនជាតិចិន ឬជនជាតិណាផ្សេងទៀតនោះទេ។ ក៏ប៉ុន្តែ វាក៏មានផលប៉ះពាល់ដល់ម្ចាស់អចលនទ្រព្យទាំងឡាយដែលបានជួលផ្ទះសំបែងឬដីធ្លីរបស់ពួកគេ អោយទៅជនជាតិចិនទាំងនោះផងដែរ។ ពោលគឺពួកគេត្រូវបាត់បង់នូវចំណូលដ៏សំខាន់ សំរាប់បង់រំលោះសងទៅធនាគារវិញ ចំពោះប្រាក់កំចីដែលពួកគេបានខ្ចីពីធនាគារមកសាងសង់សំណង់អចលនទ្រព្យសំរាប់ជួលទាំងអស់នោះ៕
