We TV Cambodia

អ៊ី​ស្រាអែល​លួច​លក់​បច្ចេកវិទ្យា​ផលិត​យន្តហោះចំបាំង F-16 អោយ​ទៅប្រទេស​ចិន?

ដោយៈ ទិន សុខាវុធ

វា​ជា​រឿងមួយ​ដ៏​ភ្ញាក់​ផ្អើលជា​ទី​បំផុត នៅ​ពេល​ដែល​ផ្កាយ​រណប​របស់​សហរដ្ឋ​អាមេរិក​បាន​ថត​ជាប់​រូបថត​យន្តហោះ​ដ៏​ចំលែក​មួយ​ចំនួន របស់​រោងចក្រ​ផលិត​យន្តហោះ​ Chengdu ​របស់​ប្រទេស​​ចិន​ប្រជាមានិត​។ ដោយ​ហេតុ​ថា យន្តហោះទាំងនោះ​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​យន្តហោះ​ប្រដេញ​ធុន IAI LAVI របស់​ប្រទេស​អ៊ីស្រាអែល ដែល​ជា​បច្ចេកវិទ្យា​ចំឡង​មក​ពី​យន្តហោះ F-16 Fighting Falcon របស់​សហរដ្ឋ​អាមេរិក។​

យន្តហោះ​ប្រដេញ​​របស់​ចិន​ធុន​ J-10 ដែល​ត្រូវ​​បាន​គេ​ចោទប្រកាន់​ថា​​ជា​យន្តហោះ​ចំឡង​មក​ពី​យន្តហោះ​របស់​ប្រទេស​អ៊ីស្រាអែលធុន IAI LAVI
យន្តហោះ​ប្រដេញ​ធុន IAI LAVI របស់​ប្រទេស​អ៊ីស្រាអែល ដែល​ជា​បច្ចេក​វិទ្យា​ចំលង​មកពី​យន្តហោះ F-16 Fighting Falcon របស់​សហរដ្ឋ​អាមេរិក​។​

ឆ្លើយ​តប​ទៅ​នឹងការចោទប្រកាន់​នេះ ប្រទេស​ចិន​បាន​បដិសេដ​ថា​យន្តហោះ​ប្រដេញ​ J-10 ត្រូវបាន​សិក្សា​​ស្រាវជ្រាវ​និង​ផលិត​ដោយ​អ្នក​ឯកទេស​ចិន​ផ្ទាល់​ គឺ​មិន​បាន​លួច​ចំឡង​ពី​ប្រទេស​ណា​ឡើយ​។

ទន្ទឹម​នឹង​នេះ ក៏​មាន​ពាក្យ​ចចាម​អារាម​មួយ​បែប​ទៀត​បាន​លេច​ឮ​ផង​​ដែរ​ថា គឺ​ប្រទេស​អីស្រាអែល​ផ្ទាល់​តែ​ម្តង​ ដែល​បាន​លួច​លក់​គំរូ​យន្តហោះ IAI LAVI អោយ​ទៅ​ប្រទេស​ចិន ហេតុ​ហេតុ​ថា ក្រៅ​ពីប្រទេស​ចិន ប្រហែល​ជា​នឹងគ្មាន​ប្រទេស​ណា​មួយ​ទិញ​យន្តហោះ​របស់​ប្រទេស​អ៊ីស្រាអែល​យក​ទៅ​ប្រើការ​ឡើយ​។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​យន្តហោះ​ IAI LAVI របស់​ប្រទេស​អ៊ីស្រាអែល និង​យន្តហោះ J-10 របស់​ប្រទេស​ចិន​ដូច​គ្នា​តែ​សំបក​ក្រៅ​តែប៉ុណ្ណោះ គ្រឿង​ម៉ាស៊ីននិង​​គ្រឿង​សព្វាវុធ​របស់​យន្តហោះ​ទាំងពីរនេះ​គឺ​ខុស​គ្នា​ស្រឡះ មួយ​ផលិត​នៅ​សហរដ្ឋ​អាមេរិក និង​មួយ​ទៀត​ផលិត​នៅ​ប្រទេស​រុស្សី​និង​ប្រទេស​ចិន​​។

ដូចនេះ​ ទោះបី​ជា​យន្តហោះ​របស់​ចិន​ត្រូវ​បាន​ផលិត​ឡើង​តាម​គំរូ​យន្តហោះ​របស់​ប្រទេស​អ៊ីស្រាអែល​យ៉ាងណា​ក៏​ដោយ ក៏​ប្រទេស​ចិន​បាន​យក​គំរូ​យន្តហោះ​​នោះ​មក​កែច្នៃ​ស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ ទើប​អាច​បំពាក់​គ្រឿងមា៉ស៊ីន​និង​គ្រឿង​សព្វាវុធ​របស់​ប្រទេស​រុស្សី​និង​ប្រទេស​ចិន​បាន​​។

យន្តហោះ J-10 ជា​យន្តហោះប្រដេញ​មាន​មុខងារ​ចំរុះ (multi-role) បាន​ន័យ​ថា​វា​អាច​ត្រូវ​យកទៅ​ប្រើប្រាស់​សំរាប់​ធ្វើការប្រយុទ្ធ​លើ​អាកាស​រវាង​យន្តហោះទល់​យន្តហោះ (air-to-air combat) និងអាច​ត្រូវ​​ប្រើប្រាស់​សំរាប់​ប្រយុទ្ធ​ជាមួយ​កងទ័ព​ស្មើជើង​ក៏​បាន​ ដោយ​ការទំលាក់​គ្រាប់​បែក​និង​បាញ់​គ្រាប់​រ៉ុក្កែត (air-to-ground combat) ។ ប្រព័ន្ធ​កាច់​ចង្កូត​របស់​វា​ ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​កំព្យូទ័រ ដែល​ភាសា​អង់គ្លេស​ហៅ​ថា fly-by-wire flight control​ system ។

នៅ​ក្នុង​បន្ទប់​បើកបរនៃ​យន្តហោះ​ប្រដេញ J-10

ល្បឿន​អតិបរិមា​របស់​យន្តហោះ J-10 គឺ Mach 2.2 ឬ​លឿន​ជាង​សំលេង 2.2 ដង​។ វា​អាច​ហោះហើរ​ក្នុង​ចំងាយ​មួយ​យ៉ាង​ឆ្ងាយ​ រហូត​ដល់​ទៅ 3200 គម​​ ឯណោះ​ ដោយ​មិន​ចាំបាច់​ចាក់​សាំង​តាម​ផ្លូវ​ឡើយ​។ ផលធៀប​រវាង​កំលាំង​ម៉ាស៊ីន​ជាមួយ​នឹង​ទំងន់​របស់​វា​គឺ 1.15 (thrust-to-weight ratio) បានន័យ​វា​អាច​ហោះ​ត្រង់​ឡើង​លើ​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ លើស​ពី​នេះ​ទៀត យន្តហោះ J-10 អាច​ហោះ​ក្នុង​កំពស់​រហូត​ដល់​ទៅ ១៨ គម ឯណោះ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *