We TV Cambodia

អំពីព្រះទម្រង់សត្តិដងវែងឬព្រះទម្រង់លំពែងជ័យ

អំពីព្រះទម្រង់សត្តិដងវែងឬព្រះទម្រង់លំពែងជ័យ

ភ្នំពេញ៖ បើតាមរយៈឯកសារព្រះរាជពិធីទ្វាទសមាសភាគ១ ព្រះទម្រង់សត្តិដងវែងឬព្រះទម្រង់លំពែងជ័យ ជាលំពែងដងវែងដែលត្រូវបានធ្វើយ៉ាងល្អវិចិត្រជាងលំពែងធម្មតាដោយផ្លែលំពែងមានទំហំធំ នៅគល់ផ្លែធ្វើក្បាច់ជារូបរាហូ បែរមុខទៅខាងដងមើលទៅឃើញដូចជាពាំមៀនលំពែងតពីក្បាលរាហូទៅតាមជួរទ្រនុងផ្លែមានក្បាច់ជាក្បាច់បុរាណមួយយ៉ាងបែបប្រហែលនឹងក្បាច់ទងភ្ញីរៀងទៅដល់ប្រមាណពាក់កណ្តាលផ្លែ ទើបផុតអស់ក្បាច់។

ព្រះលំពែងជ័យមានប្រវែងបណ្តោយផ្លែ៥០សង់ទីម៉ែត្រ ទទឹងផ្លែវាស់ត្រង់កណ្តាល៤.៤សង់ទីម៉ែត្រ មៀនដែកមានក្បាច់ហើយបញ្ចុះមាសពេញតាមចន្លោះទាំងនោះប្រវែង៣៦សង់ទីម៉ែត្រ ដងឈើស្រោបទង់ហ៑ា្វធ្វើជាថ្នាំងៗដូចដើមអំពៅតាមថ្នាំងជាមាសមានប្រវែង១៥៤សង់ទីម៉ែត្រ រួមប្រវែងសរុបទាំងអស់២៤០សង់ទីម៉ែត្រមានស្រោមមាសក្បាច់ភ្ញីត្រង់រវាងកណ្តាលមានរូបព្រះនារាយណ៍គង់លើគ្រុឌទាំងសងខាងចុងនិងដើមស្រោមបញ្ចុះថ្នាំពណ៍ក្រហមបៃតងខៀវ។

ព្រះទម្រង់លំពែងជ័យ ជាលំពែងដងវែងសម្រាប់ព្រះមហាក្សត្រក្នុងវេលាស្តេចយាងចេញធ្វើព្រះរាជសង្គ្រាម តម្រូវប្រើពេលស្តេចគង់លើដំរីសឹកឬ រាជរថសឹក។លំពែងនេះត្រូវបានថែរក្សាដោយក្រុមបាគូរួមគ្នាជាមួយព្រះខ័នរាជ្យ។ មានសេចក្តីតំណាលក្នុងព្រះរាជពង្សាវតាថាលំពែងនេះមានប្រវត្តិជាប់ទាក់ទងនឹងរឿងតាត្រសក់ផ្អែម តែដោយរឿងរ៉ាវតាត្រសក់ផ្អែម នោះតាំងពីដើមដល់ចប់ជារឿងប្រកបដោយបាដិហារ្យអស្ចារ្យហួសប្រមាណពេកអ្នកមានសតិបញ្ញាគេមិនកាន់យកជាប្រមាណទេ។

ប្រភព៖ Royal Cambodian Monarchy

Related Articles