We TV Cambodia

អូស្ដ្រាលី នៅតែបន្ដគាំទ្រជួយដល់វិស័យកសិកម្មនៅកម្ពុជា

អូស្ដ្រាលី នៅតែបន្ដគាំទ្រជួយដល់វិស័យកសិកម្មនៅកម្ពុជា

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បី ពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិនិត្យឡើង វិញលើជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលីដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងជាពិសេសស្ថិតក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រយុទ្ធប្រឆាំងជំងឺឆ្លងសកលកូវីដ-១៩។  វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដើម្បីរក្សានិរន្តរភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបាន បន្តជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយៈការអនុវត្តគម្រោងជាច្រើន ជា ពិសេសគម្រោងស្តីពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC, ២០១៦-២០២១) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) យ៉ាងសកម្ម។

លោកបានបន្តថា គម្រោងទាំងអស់នេះពិតបានចូលរួមលើក កម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារ ធានាសន្តិសុខស្បៀង បង្កើនការនាំចេញ ប្រកួត ប្រជែង សំដៅលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ-១៩ និងជា ពិសេសស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឱ្យប្រជា ពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញផលិតកម្មកសិកម្មដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក។

លោក Pablo Kang ក៏បានលើកឡើងថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានល្អប្រសើរឡើងវិញ លោកនឹងចុះទៅតាមបណ្តាខេត្តគោលដៅនៃគម្រោងដើម្បីធ្វើការវាយតម្លៃលើតម្រូវការជាក់ស្តែង ជាពិសេសលើផលិតកម្មស្រូវតែម្ដង។

បើតាមការលើកឡើងរបស់ លោក Pablo Kang កម្ពុជា នឹងជឿជាក់ថារដ្ឋាភិបាលអូស្ត្រាលីនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីក ចម្រើនប្រកបដោយនិរន្តរភាព ហើយជាពិសេសវិស័យកសិកម្មបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ- ១៩ ត្រូវបានល្អប្រសើរឡើងវិញ។

ដោយ៖ Stince

Related Articles