
ដោយៈ ទិន សុខាវុធ
ប្រទេសអាល្លឺម៉ង់សន្យាផ្តល់ហិរញ្ញប្បទានចំនួនប្រមាណជា $54.40 លានដុល្លារ អោយកម្ពុជាសំរាប់ឆ្នាំ ២០១៩-២០២០ ដើម្បីជួយជាវិភាគទានដល់ការអភិវឌ្ឍនៅក្នុងវិស័យចំនួន ៣ គឺ៖ វិស័យអភិវឌ្ឍន៍ជនបទ វិស័យសុខាភិបាលនិងគាំពារសង្គម និង វិស័យអភិបាលកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅលើទំព័រ Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំមួយធ្វើឡើងកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩ នៅឯទីស្តីការរបស់ CDC លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានជជែកពិភាក្សាពីហិរិញ្ញប្បទានចំនួនប្រមាណជា $54.40 លានដុល្លារនេះ។
យោងតាម CDC រដ្ឋាភិបាលអាល្លឺម៉ង់នឹងផ្តល់ហិរញ្ញប្បទានជាកំចីសម្បទានប្រមាណជា $33.28 លានដុល្លារ និងហិរញ្ញប្បទានជាជំនួយឥតសំណងប្រមាណជា $20.64 លានដុល្លារ។
CDC បានបន្ថែមទៀតថា នៅក្នុងហិរញ្ញប្បទានចំនួនប្រមាណជា $54.40 លានដុល្លារនោះ ទឹកប្រាក់ប្រមាណជា $33.39 លានដុល្លារនឹងត្រូវយកទៅប្រើប្រាស់សំរាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ $8.88 លានដុល្លារសំរាប់សេដ្ឋកិច្ចជនបទ $3.69 លានដុល្លារសំរាប់វិស័យសុខាភិបាលនិងកិច្ចគាំពារសង្គម $2.22 លានដុល្លារសំរាប់សុខភាពសង្គម $1.44 លានដុល្លារសំរាប់គំរោងអត្តសញ្ញាណគ្រួសារក្រីក្រ $5.55 លានដុល្លារសំរាប់វិស័យអភិបាលកិច្ច $2.44 លានដុល្លារសំរាប់គណនេយ្យភាពសង្គម សេវាប្រឹក្សា និង ការសិក្សាស្រាវជ្រាវ។
ទាក់ទងនឹងការផ្តល់ហិរញ្ញប្បទាននេះ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈស្ថាប័ន GIZ របស់ខ្លួន ដែលមាននាទីទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិ ក៏បានសន្យាថានឹងផ្តល់ហិរញ្ញប្បទានសរុបចំនួន $6.66 លានដុល្លារ ដើម្បីជួយពង្រឹងវិស័យកាត់ដេរនៅប្រទេសកម្ពុជា និងប្រទេសមួយចំនួនទៀតដូចជា បង់ក្លាដេស មីយ៉ាន់មា៉ បាគីស្ថាន វៀតណាម និង ចិន ។
យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គោលដៅសំខាន់ៗនៃជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាល្លឺម៉ង់សំរាប់វិស័យកាត់ដេរនៅកម្ពុជារួមមាន៖
– គាំទ្រដល់បណ្តាស្ថាប័នរដ្ឋនិងឯកជន ដើម្បីផ្លាស់ប្តូរព័ត៌មាន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ថ្នាក់ជាតិ និងកម្រិតសហគ្រាស គ្រឹះស្ថាន ដើម្បីពង្រឹងអនុលោមភាពតាមបទដ្ឋានសង្គម និងការងារដូចមានចែងនៅក្នុងច្បាប់ស្តីពីការងារនៅព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន និងធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រនៅកន្លែងធ្វើការ។
– ផ្ដល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោង GIZ, FABRIC ដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។
– ផ្តល់ជំនួយបច្ចេកទេសដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់អនុវត្តសកម្មភាពទាំងឡាយដែលគាំទ្រដល់ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីដែល ធ្វើការក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ៕
