We TV Cambodia

អារ៉ាប៊ីសាអូឌីត​​គ្រោងផ្តល់ហិរញ្ញប្បទាន​សម្បទាន​អោយកម្ពុជា

អារ៉ាប៊ីសាអូឌីត​​គ្រោងផ្តល់ហិរញ្ញប្បទាន​សម្បទាន​អោយកម្ពុជា
រូបថតៈ Facebook ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយៈ ទិន សុខាវុធ

រាជា​ណាចក្រ​អារ៉ាប់​រួម មាន​បំណង​ចង់​ផ្តល់​ហិរញ្ញប្បទាន​​អោយ​រាជ​រដ្ឋាភិបាល​​កម្ពុជា ក្នុង​​គោល​បំណង​ជួយ​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា អោយ​បាន​កាន់​តែ​ខ្លាំង​ក្លាឡើង​ថែម​ទៀត​។

យោង​តាម​ទំព័រ Facebook របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាល​ពី​សប្តាហ៍​មុន លោក​ Saud F.M. Al Suwelim ឯក​អគ្គរាជ​ទូត​នៃ​ព្រះរាជា​ណាចក្រ​អារ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា បាន​ចូល​ជួប​សន្ទនា​ការងារ​ជា​មួយ​​ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។

នៅ​ក្នុង​ជំនួប​នោះ លោក​ឯក​អគ្គរាជទូត​បាន​គូស​បញ្ជាក់​ថា ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា មូលនិធិអារ៉ាប៊ីសាអូឌីត​​សម្រាប់​ការ​​អភិវឌ្ឍ ​(Saudi Fund for Development-SFD) របស់​រាជ​រដ្ឋាភិបាល​​អារ៉ាប៊ីសាអូឌីត មាន​បំណង​ចង់​ផ្តល់​ហិរញ្ញប្បទាន​ ជា​ឥណទានសម្បទានជូន​រាជរដ្ឋាភិបាល​កម្ពុជា​។

ជាការឆ្លើយតប លោក​រដ្ឋ​មន្ត្រី​ អូន ព័ន្ធមុនីរ័ត្ន បាន​ទទួល​ស្វាគមន៍​ហិរញ្ញប្បទាន​ថ្មី​ ផ្តល់​អោយ​ដោយប្រទេស​មហាសេដ្ឋី​ប្រេងកាត​មួយ​នេះ។ ក៏ប៉ុន្តែ ក្រសួង​របស់​លោក​ត្រូវ​ធ្វើការ​សិក្សា​អោយ​បាន​ម៉ត់ចត់​ជាមុន​សិន មុននឹង​សំរេច​ទទួល​​យ​ក​កំចីសម្បទានថ្មី​នេះ​។

មូយវិញ​ទៀត ​លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ទៀត​ថា បញ្ហា​ដ៏​សំខាន់​សំរាប់​ក្រសួង​របស់​លោក គឺ​ត្រូវ​​ធ្វើ​​យ៉ាងណា​អោយ​មាន​តុល្យភាព​ រវាង​កំចី​និង​ប្រាក់​ចំណូល​របស់​រដ្ឋ​ ដើម្បី​ជៀសវាង​បញ្ហា​បំណុល​បរទេស​​វ័ណ្ឌក​រើ​មិនរួច​។

លើសពី​នេះ​ទៀត ​លោក​រដ្ឋ​មន្ត្រីបាន​លើក​ឡើង​ថា កម្ពុជា​និង​អារ៉ាប៊ីសាអូឌីត​មាន​សក្តានុពល​ជា​ច្រើន​ ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​។ ជាលទ្ធផល ប្រទេស​ទាំងពីរ​បានឯកភាព​គ្នា​ ជំរុញ​អោយ​មាន​ការផ្លាស់​ប្តូ​រទស្សកិច្ចទៅវិញ​ទៅ​មក ទាំង​រវាង​ថ្នាក់​ដឹកនាំ ទាំង​កំរឹតនយោបាយ ទាំង​កំរឹតបច្ចេកទេស និង​ទាំងកំរឹត​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ អោយ​បានកាន់តែ​ស៊ី​ជំរៅ​បន្ថែម​ទៀត​៕

Related Articles