We TV Cambodia

អាមេរិកបញ្ជាបិទកម្មវិធីចិនចំនួន ៨ រួមទាំង Alipay និង WeChat Pay

អាមេរិកបញ្ជាបិទកម្មវិធីចិនចំនួន ៨ រួមទាំង Alipay និង WeChat Pay

ដោយ៖ពេជ្រ

កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាឱ្យបិទកម្មវិធីចិនចំនួន ៨ រួមមាន Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay និង WPS Office បន្ថែមទៅលើកម្មវិធី TikTok និង WeChat ដែលលោកបានបញ្ជាឱ្យបិទកាលពីខែសីហាកន្លងទៅ។

ស្រដៀងគ្នាទៅនឹងហេតុផលដែលលោកប្រធានាធិបតីបានប្រើដើម្បីទាមទារឱ្យបិទកម្មវិធី TikTok និង WeChat នោះគឺ កម្មវិធីទាំង៨នេះអាចជាមធ្យោបាយដើម្បីចូលនិងទាញយកទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ ដែលរាប់បញ្ចូលទាំងព័ត៌មានដែលអាចសម្គាល់អត្តសញ្ញាណ និងព័ត៌មានឯកជនភាពផងដែរ។ លោកក៏បានបញ្ជាក់ទៀតថា ការទាញយកទិន្នន័យទាំងអស់នេះអាចឱ្យរដ្ឋាភិបាលចិន មានលទ្ធភាពក្នុងការគ្រប់គ្រងព័ត៌មានជាច្រើនរបស់ប្រជាពលរដ្ឋអាមេរិក ហើយជាពិសេសពួកគេអាចតាមដានទីតាំងរបស់បុគ្គលិករដ្ឋាភិបាលបានថែមទៀតផង។

បទបញ្ជានេះនឹងត្រូវចាប់ផ្ដើមអនុវត្តក្នុងរយៈពេល៤៥ថ្ងៃទៀត បន្ទាប់បានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែមករា ម្សិលមិញនេះ។ គួរបញ្ជាក់ផងដែរថាកម្មវិធី TikTok និង WeChat មិនត្រូវបានបិទដូចដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានគ្រោងទុកនោះទេ ហើយម្ចាស់ក្រុមហ៊ុនរបស់កម្មវិធីទាំងពីរនេះក៏កំពុងតែធ្វើការប្ដឹងផ្ដល់គ្នាជាមួយនឹងរដ្ឋាភិបាលក្នុងប្រព័ន្ធតុលាការនៅសហរដ្ឋអាមេរិក ដើម្បីចៀសវាងពីការបិទ ឬលក់កម្មវិធីនេះទៅឱ្យក្រុមហ៊ុនទី៣នោះ៕

 

Related Articles