We TV Cambodia

អាជ្ញាធរប្រកាសតំបន់វិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល

អាជ្ញាធរប្រកាសតំបន់វិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល

លោក ប៊ឹន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី​០១ ខែតុលា ឆ្នាំ២០២០ ប្រកាសពីតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ធ្វើប្លង់រឹង) នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដូច្នេះហើយ សូមឲ្យប្រជាពលរដ្ឋត្រៀមឯកសារដែលពាក់ព័ន្ធ។

ចំនួនក្បាលដី ដែលស្ថិតក្នុងតំបន់ដែលត្រូវអនុវត្ដ មានចំនួនសរុបប្រមាណ៤,៥០០ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន៤,៤០០ក្បាលដី, ដីកសិកម្មចំនួន១០០ក្បាល​ដី។ ចំណែកដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ ចំនួន៥៣ក្បាលដី ខណៈការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចំនួន១,៥០០គ្រួសារ និងប្រជាពលរដ្ឋនៅក្រៅមូលដ្ឋាន ចំនួន៣,៥០០គ្រួសារ។

លោក ប៊ឹន សូឈី ស្នើឲ្យប្រជាពលរដ្ឋដែលស្ថិតនៅតំបន់នោះទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធផ្សេងៗ​ដូចជា សាលក្រមតុលាការ បណ្ដាំមរតក អត្តសញ្ញាណប័ណ្ណ សៀវ​ភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត ប័ណ្ណចាស់ បង្កាន់កសិកម្ម និងប័ណ្ណដែលក្រុមការងារចែកជូនជាដើម ដើម្បីបង្ហាញជូនក្រុមការងារដែលចុះវាស់វែងធ្វើប្លង់ជូន។

និតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មាន៥ដំណាក់កាល គឺ៖

ទី១៖ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល,

ទី២៖ ចុះវាស់វែង និងប្រមូលទិន្នន័យ,

៣៖ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ,

៤៖ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំចេញប័ណ្ណកម្មសិទ្ធិ

៥៖ ចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ។

គូសបញ្ជាក់ថា ខណ្ឌកំបូល មានចំនួន៧សង្កាត់ ក្នុងនោះសង្កាត់ចំនួន៥ហើយ ដែលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ដោយឡែកនៅក្នុងសង្កាត់ភ្លើងឆេះរទេះ គឺមាន​បញ្ហាដីធ្លីច្រើន ដោយសារតែមិនទាន់បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ដោយ៖ Stince

ប្រភព៖ក្នុងស្រុក

Related Articles