មន្ដ្រីអាជ្ញាធរថ្នាក់ក្រោមជាតិ នឹងចាប់ផ្ដើមបើកប្រតិបត្ដិការចុះត្រួតពិនិត្យ ទៅលើកបណ្ដាអាជីវកម្មហាង ភោជនីយដ្ឋានផ្សេងៗដែលបានដំណើរការឡើងវិញ ដោយត្រូវអនុវត្ដភ្ជាប់ជាមួយនឹង ការរក្សាអនាម័យ សុវត្ថិភាពឲ្យបានគ្រប់ទីកន្លែង ដើម្បីជៀសវាងការរីករាលដាល់មេរោគ កូវីដ១៩ សាជាថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងអង្គប្រជុំគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី១៥ ខែឧសភាព ឆ្នាំ២០២០ ដោយបញ្ជាក់ថា មន្ដ្រីអាជ្ញាធរត្រូវធ្វើការជាមួយនឹង ម្ចាស់ហាង ភោជនីយដ្ឋាន ដើម្បីត្រួតពិនិត្យឲ្យបានល្អ ក្នុងការធានាឲ្យបាននូវសុវត្ថិភាព សុខភាពអនាម័យនៅតាមបណ្ដាហាងទាំងនោះ។ ក្នុងករណីដែល បណ្ដាហាង មិនគោរពតាមគោលការណ៍បទបញ្ជានេះទេ និងត្រូវផ្អាកការធ្វើអាជីវកម្មបណ្ដោះអាសន្ន ដរាបណា អាចអនុវត្ដបានទាំងស្រុងឡើងវិញ។
សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា មានហាង និងភោជនីយដ្ឋានខ្លះនៅមិនទាន់អនុវត្ដបាន អនាម័យទាំងស្រុងនៅឡើយទេ ប៉ុន្ដែសម្ដេច ក៏បានកោតសរសើរដល់ ហាងមួយចំនួនក្នុងប្រទេសកម្ពុជាដែរ ដែលអនុវត្ដបាននូវគោលការណ៍អនាម័យបានល្អ ដើម្បីប្រឆាំងនឹងមេរោគកូវីដ ១៩។
ដោយ៖ Stince
