We TV Cambodia

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងឧទ្យានអង្គរជួសជុលផ្ទះ និង សាងសង់សំណង់តូចតាចចំនួន១៨១សំណើ

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងឧទ្យានអង្គរជួសជុលផ្ទះ និង សាងសង់សំណង់តូចតាចចំនួន១៨១សំណើ

របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែសីហា ឆ្នាំ២០២០ តាមរយៈការចុះផ្សាយលើផេកហ្វេសប៊ុក ផ្លូវការរបស់អាជ្ញាធរជាតិអប្សរាបង្ហាញថា ក្រុមការ​ងារ​សហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន១៨១សំណើ ក្នុង២៥៦សំណើ។

ករណីអនុញ្ញាតសំណើខាងលើផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកបាគង៦៦សំណើ ស្រុកអង្គរធំចំនួន២៦សំណើ ស្រុកពួកចំនួន២៦សំណើ ស្រុកបន្ទាយស្រីបានចំនួន២៩សំណើ និងក្រុងសៀមរាបចំនួន៣៤សំណើ សរុបបាន១៨១សំណើ។

ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន៖

១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ។

២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ។

៣. ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។

ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។

ក្រៅពីនេះក្រុមការងារក៏បានឧត្ថម្ភថវិកាជូនចំពោះកុមារពិកា កុមារសតិមិនប្រក្រតី រួមទាំងគ្រួសារក្រីក្រ។ល។ និងនៅតែបន្តចុះពិនិត្យ ដោះស្រាយសំណើសុំជួសជុលនិងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និង ទាន់ពេលវេលា។

ដោយ៖ Stince

ប្រភព៖ អាជ្ញាធរជាតិអប្សរា​

Related Articles