We TV Cambodia

អាជ្ញាធរជាតិអប្សរានឹងអនុញ្ញាតឲ្យបើកដំណើរការ សារមន្ទីរ ទាំង៣ឡើងវិញ 

អាជ្ញាធរជាតិអប្សរានឹងអនុញ្ញាតឲ្យបើកដំណើរការ សារមន្ទីរ ទាំង៣ឡើងវិញ 

យោងតាមការលើកឡើងរបស់ អ្នកនាំពាក្យនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានអះអាងថា នៅថ្ងៃទី១ ខែមិថុនា ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបើកឲ្យ ដំណើរការឡើងវិញសារមន្ទីរទាំងបីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីស្ថានភាពជម្ងឺកូវីដ១៩ បានធូរស្រាលបន្តិច ប៉ុន្តែត្រូវអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់រលកទីពីរនៃការចម្លងជម្ងឺកូវីដ១៩។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម​​ទីភ្នាក់​ងារ​ទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងបើកឲ្យ ចូលទស្សនាសារមន្ទីរទាំងបីឡើងវិញ ដោយមិនគិតថ្លៃ មានដូចជា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារ​មន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និង សារមន្ទីរឡតានី ។

លោក​បន្តថា ការបើកឲ្យដំណើរការឡើងវិញនេះត្រូវអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់រលកទីពីរនៃការចម្លងជម្ងឺ​កូវីដ១៩ ដូចជា ស្កេនកំដៅ ប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងស្នើសុំឱ្យភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយមន្ត្រី-បុគ្គលិក ដែលបំពេញការងារនៅសារមន្ទីរពាក់ម៉ាស់ ព្រមទាំងរៀបចំឱ្យមានគម្លាតសុវត្ថិភាព មុននឹងចូលទស្សនាសារមន្ទីរទាំងបីស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីការពារហានិភ័យនៃការចម្លងជម្ងឺកូវីដ១៩នេះ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ខែ មីនា អាជ្ញាធរជាតិអប្សរាបានបិទជាបណ្តោះអាសន្នសារមន្ទីរ ទាំង៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីបញ្ចៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈម នឹងហានិភ័យនានា ជាពិសេសជម្ងឺកូវីដ១៩ ។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles