លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះទៅពិនិត្យសំណង់ក្នុងបុរី ប៊ុន ជេស និងតម្រូវឲ្យផ្អាកការសាងសង់បណ្តោះអាសន្ន ដោយសារតែបានសាង់សង់អត់ច្បាប់ និងលយចូលដីអនុក្រឹត្យបឹងតាមោគ។
លោក ស៊ូ ស៊ីវត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា សំណង់ទាំងនេះបានសាងសង់ដោយគ្មានច្បាប់អនុញ្ញាតនោះទេ ហើយសំណង់ខ្លះមានច្បាប់សាងសង់ត្រឹមតែផ្ទះល្វែងប៉ុណ្ណោះ ប៉ុន្តែបានលួចសាងសង់រហូតដល់ផ្ទះវីឡា។ មិនតែប៉ុណ្ណោះ សំណង់ខ្លះបានសង់ចូលដីអានុក្រិតបឹងតាមោគថែមទៀតផង ដោយគ្មានបានសុំច្បាប់អីបន្តិចឡើយ។
ក្រៅពីនោះ ក៏មានសំណង់ផ្សេងទៀតដូចជា សំណង់នៅឡុងឈិន គឺសាងសង់គ្មានច្បាប់អនុញ្ញាតអីនោះទេ ហើយបន្ទាប់ពីមានអាជ្ញាធរមកចុះហាមឃាត់បានតែមួយថ្ងៃ ឃើញថាការសាងសង់បានចាប់ផ្ដើមឡើងវិញ ដោយគ្មានគោរពច្បាប់អីបន្តិចណាសោះ។
លោក សុខ សម្បត្តិ បានឲ្យដឹងទៀតថា សំណង់ដែលសង់ឡើងមិនស្របច្បាប់មានប្រមាណជិត ១០០ផ្ទះ ដែលផ្ទះទាំងនោះភាគច្រើននៅក្នុងបុរី ប៊ុន ជេស ស្ថិតក្នុងភូមិឌួង និងភូមិព្រែកព្នៅ ហើយបើក្រុមហ៊ុននៅតែបន្តធ្វើទៀត អាជ្ញាធរ និងចាត់វិធានការរឹមអូសសម្ភារ ហើយបើមានការបាត់បង់ខុចខាត់អាជ្ញាធរមិនទទួលខុសត្រូវឡើយ។ មិនប៉ុណ្ណោះ លោកថា ការផ្អាកនេះ គឺអនុវត្តទៅតាមច្បាប់ និងធ្វើឡើងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ការដ្ឋានសំណង់ដែលត្រូវបានផ្អាក នឹងត្រូវអនុញ្ញាតឱ្យដំណើរការសាងសង់ឡើងវិញ លុះត្រាណាតែអនុវត្តការណែនាំមួយចំនួនដូចជា ម្ចាស់សំណង់ត្រូវបំពេញនូវចំណុចខ្វះខាត ផ្នែកបច្ចេកទេស និងច្បាប់ ម្ចាស់សំណង់ត្រូវរកអ្នកត្រួតពិនិត្យ និងបញ្ជាក់ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់ ដែលមានអាជ្ញាបណ្ណ មកពិនិត្យ វិភាគ គណនា ពិសេសដើម្បីធានាសុវត្ថិភាពសំណង់៕
អត្ថបទដោយ៖ Nevin