កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្ដកំពង់ឆ្នាំង បានចេញប្រតិបត្ដិការ ចុះចាប់ឈ្មួញនេសាទលៀសខុសច្បាប់ដោយប្រើម៉ាស៊ីនបច្ចេកវិទ្យាទំនើប ខណៈដែលបរិមាណលៀសមានចំនួនដល់ទៅ ៥១០ ការុង នៅចំណុចមាត់កំពង់ទឹក ក្នុងភូមិព្រែកសាលា ឃុំទឹកហូតស្រុករលាប្អៀរ។ ប្រតិបត្ដិការនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។
លៀសជាច្រើនការ៉ុងត្រូវបានបន្សល់ទុកតាមមាត់ទន្លេ ខណៈអ្នកនេសាទខុសច្បាប់ទាំងនោះ រត់ចោលបាតជើងសរព្រាត គេចចេញពីកម្លាំងសមត្ថកិច្ចជលផល។ ក្រោយពីប្រតិបត្ដិការចាប់បានភស្ដុតាងជាច្រើនគឺលៀសដែលនៅទីនោះ ត្រូវកម្លាំងរដ្ឋបាលជលផលសម្រេចចលក់ចេញ ឡៃឡុង ទៅឲ្យប្រជានេសាទស្របច្បាប់ ក្បែរនោះ ដើម្បីបង្វិលថវិការចូលកញ្ចប់ចំនូលថ្នាក់ជាតិ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា លៀសសរុបចំនួនទាំងអស់មាន ជាង៧០០ ការុង ប៉ុន្តែលៀសមួយចំនួនបានខូចគុណភាព និងនៅសល់តែ៥១០ការុងដែលនៅមានគុណភាព ។ ដូច្នេះហើយតាមឯកភាពពី ថ្នាក់លើនៅពេលនេះខណ្ឌរដ្ឋបាលជលផលបានសម្រេចរឹបអូសលៀស ដែលមានគុណភាព ចំនួន៥១០ ការុង លក់ឡាយឡុងដើម្បីបង់ចូលថវិកាជាតិ ។លោកបានបញ្ជាក់ទៀតថា ការកាវលៀសដោយម៉ាស៊ីនគឺជាទង្វើខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលបានហាមឃាត់ ដោយឡែកការកាវលៀសដោយដៃគឺច្បាប់អនុញ្ញាត ដូច្នេះអ្នកកាវលៀសខុសច្បាប់គឺសមត្ថកិច្ចនិងបន្តចុះបង្ក្រាប មិនឲ្យកើតមានឡើយ ។ ចំណែកក្រុមឈ្មួញ ដែលនាំគ្នាមកទិញលៀស យកទៅលក់នៅប្រទេសវៀតណាមនោះ ក៏សមត្ថកិច្ចនិងអាជ្ញាធរ មិនអនុញ្ញាតឲ្យចូលទិញនិងដឹកលៀសនេះបន្តទៀតដែរ ៕
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក
