We TV Cambodia

អាជ្ញាធរខេត្តៈ ដី ៤០ ហិកតា នៅខេត្តកំពង់ឆ្នាំង សំរាប់ជួលអោយជនជាតិវៀតណាម

រូបថតៈ RFA

ដោយៈ ទិន សុខាវុធ

លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលជាប្រធានគណៈកម្មការរៀបចំការបំលាស់ទី កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បានលើកឡើងថា ផ្ទៃដីចំនួន ៤០ ហិកតា ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សំរាប់តំរូវអោយជនជាតិវៀតណាមរស់នៅលើផ្ទៃទឹកទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង មកតាំងលំនៅដ្ឋាននៅលើនោះ មិនមែនមានន័យថា ជាដីសម្បទានសង្គមកិច្ចនោះទេ វាគ្រាន់តែជាតំបន់មួយដែលត្រូវបានផ្តល់សិទ្ធិអោយជនជាតិវៀតណាមទាំងនោះ ជួលសង់លំនៅដ្ឋានរស់នៅបន្តោះអាសន្នតែប៉ុណ្ណោះ។

មួយវិញទៀត លោកអភិបាលរងខេត្តបានបន្ថែមទៀតថា អ្នកដែលត្រូវបំលាស់ទីទាំងនោះ មិនមែនមានតែជនជាតិវៀតណាមនោះទេ គឺមានទាំងខ្មែរ និង ខ្មែរ-អ៊ីស្លាម ផងដែរ សរុបទាំងអស់មានប្រមាណ ៤,០០០ គ្រួសារ។

យោងតាមលោកអភិបាលរងខេត្ត ការបំលាស់ទីនេះ គឺក្នុងគោលបំណងថែរក្សាបរិស្ថាននៅតាមដងទន្លេសាប ជាពិសេសការបង្ការកុំអោយមានបទល្មើសនេសាទខុសច្បាប់។ លើសពីនេះទៀត ការបំលាស់ទីនេះ ត្រូវបានធ្វើឡើងស្របតាមច្បាប់ជាតិនិងអន្តរជាតិ ដែលតំរូវអោយមនុស្សទាំងអស់ត្រូវមានសិទ្ធិមានលំនៅដ្ឋានរស់នៅដ៏សមរម្យ ក៏ដូចជាជនជាតិខ្មែរដែលទៅរស់នៅប្រទេសក្រៅនោះដែរ។

ទាក់ទងនឹងរឿងនេះ កន្លងមកមានមតិរិះគន់មួយចំនួនបានលើកឡើងថា ការផ្តល់សិទ្ធិអោយជនជាតិវៀតណាមទៅរស់នៅលើផ្ទៃដីចំនួន ៤០ ហិកតានោះ គឺជាការលក់ដីអោយវៀតណាម ដែលជាកត្តាធ្វើអោយកម្ពុជាបាត់បង់ដីបន្តិចម្តងៗ៕

Related Articles