We TV Cambodia

អាជ្ញាធរខេត្តប៉ៃលិនបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា+ថៃ ប្រវែងជាង ៥គីឡូម៉ែត្

អាជ្ញាធរខេត្តប៉ៃលិនបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា+ថៃ  ប្រវែងជាង ៥គីឡូម៉ែត្

ដោយ៖ពេជ្រ

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន ១ខ្សែរ ឆ្លងកាត់ភូមិចំនួន ២ នៅជាប់ព្រំដែនកម្ពុជា+ថៃ (ខេត្តប៉ៃលិន និងខេត្តចាន់បុរី) គឺភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផង និងជាយុទ្ធសាស្ត្រការពារបូរណៈភាពទឹកដីផង កាលពីថ្ងៃថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម មានប្រសាសន៍ថា៖ ការកសាងសមិទ្ធផលនាថ្ងៃនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យមានភាពកាន់តែងាយស្រួល ហើយរដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំបន្តចុះជួយដោះស្រាយនូវរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុកនិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។
សូមបញ្ជាក់ថា ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែរដែលបើកការដ្ឋានស្ថាបនានាពេលនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕

ប្រភព៖ ក្រសួងព័ត៌មាន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *