We TV Cambodia

អាជ្ញាធរខេត្តតាកែវជំរុញប្រជាពលរដ្ឋចិញ្ចឹមកង្កែបបន្ថែម ខណៈតម្រូវការកំពុងកើនឡើង

អាជ្ញាធរខេត្តតាកែវជំរុញប្រជាពលរដ្ឋចិញ្ចឹមកង្កែបបន្ថែម ខណៈតម្រូវការកំពុងកើនឡើង
កសិដ្ឋានចិញ្ចឹមកង្កែប (ប្រភព៖ វេង សាខុន)

អាជ្ញាធរខេត្តតាកែវ ជំរុញឲ្យកសិករ និងប្រជាពលរដ្ឋទូទៅបង្កើនការចិញ្ចឹមកង្កែបបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈបច្ចុប្បន្នតម្រូវការទីផ្សារបានកើនឡើងលើសការផ្គត់ផ្គង់។

កសិដ្ឋានចិញ្ចឹមកង្កែប (ប្រភព៖ វេង សាខុន)

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវបានឲ្យដឹងថា មន្ត្រីជំនាញរបស់មន្ទីរកសិកម្មបានបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដោយបានផ្តល់នូវបច្ចេកទេស ជាពិសេសផ្តល់ពូជកូនកង្កែដល់កសិករ ដើម្បីមានជំនាញកាន់តែច្បាស់ក្នុងការចិញ្ចឹមកង្កែប។

កសិដ្ឋានចិញ្ចឹមកង្កែប (ប្រភព៖ វេង សាខុន)

លោកបន្តថា បច្ចុប្បន្ននេះយើងមានបច្ចេកទេសកាន់តែមានភាពងាយស្រួលក្នុងការចិញ្ចឹម ដោយសារពីមុនពិបាកមិនមានដីធំ តែសំរាប់បច្ចេកទេសថ្មីនេះអាចធ្វើឲ្យកសិករចិញ្ចឹមកង្កែបបាន ទោះមានដីតួចក្តី គឺកសិករប្រើតែតង់ប្លាស្ទិចក្រាលពីក្រោម ហើយអាចដាក់កង្កែបចិញ្ចឹមបាន ដោយកង្កែបមានលក្ខណៈងាយស្រួលចិញ្ចឹម វាត្រូវការទឹកតិចបំផុត។

លោកបានបន្ថែមថា កសិដ្ឋានមានដាក់លក់កង្កែប ដែលមាន ៣ប្រភេទ គឺកង្កែបសាច់ កង្កែបកូន និងកង្កែបពូជ ខណៈនៅទូទាំងខេត្តតាកែវ មានកសិដ្ឋានចិញ្ចឹមកង្កែបចំនួន ១១កន្លែង ក្នុងនោះការចិញ្ចឹមជាលក្ខណៈគ្រួសារមានប្រមាណ ៥០គ្រួសារ។

កសិដ្ឋានចិញ្ចឹមកង្កែប (ប្រភព៖ វេង សាខុន)

សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកប្រកបរបរចិញ្ចឹមកង្កែបអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ និងខ្លះទៀតឈានដល់ខ្ទង់ម៉ឺនដុល្លារក៏មាន អាស្រ័យទៅតាមទំហំនៃការចិញ្ចឹម។ មួយវិញទៀត បច្ចុប្បន្នទីផ្សារកង្កែបកំពុងមានការកើនឡើងខ្លាំង ខណៈការផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់ទីផ្សារនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles