We TV Cambodia

អាជីវកម្ម ៣ប្រភេទ ដែលល្បីកាលពី ១០ឆ្នាំមុន នឹងរលាយបាត់នៅប៉ុន្មានឆ្នាំខាងមុខនេះ

អាជីវកម្ម ៣ប្រភេទ ដែលល្បីកាលពី ១០ឆ្នាំមុន នឹងរលាយបាត់នៅប៉ុន្មានឆ្នាំខាងមុខនេះ

សព្វថ្ងៃនេះមានអាជីវកម្មថ្មីៗជាច្រើនបានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជា ដែលកំពុងចូលមកផ្លាស់ប្ដូររបៀបរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងសម័យបរិបទថ្មីនេះ ភាគច្រើននៃអាជីវកម្មទាំងនេះ មានច្រើនមកហើយក្នុងប្រទេសអភិវឌ្ឍន៍។ ស្របពេលនៃវត្តមានដ៏ច្រើនរបស់អាជីវកម្មថ្មីទាំងនេះ អាជីវកម្ម ៣ប្រភេទក្នុងប្រទេសកម្ពុជា ដែលល្បី និងពេញនិយមកាលពី ១០ឆ្នាំមុន អាចនឹងបាត់មុខលែងមានវត្តមាននាប៉ុន្មានឆ្នាំទៅមុខទៀត៖

១, តូបលក់ចាប់ហួយ៖ តូបលក់ចាប់ហួយ ជាអាជីវកម្មលក្ខណៈគ្រួសារ ហើយកាលពីជាង ១០ឆ្នាំមុន អាជីវកម្មនេះមានច្រើនរាប់មិនអស់ ប៉ុន្តែមកទល់ឆ្នាំ២០២០ អាជីវកម្មទាំងនេះកំពុងបាត់មុខបន្តិចម្ដងៗ ដោយជំនួសមកវិញនូវហាងលក់រាយ (ម៉ាត/Mart) វិញម្ដង ដោយវាបានផ្ដល់ភាពងាយស្រួលដល់អ្នកទិញក្នុងការជ្រើសរើសទំនិញ ទាំងតម្លៃ និងកាលបរិច្ឆេទ ហើយមិនយូរទេយើងនឹងលែងឃើញតូបលក់ចាប់ហួយតទៅទៀតហើយ។

២, កន្លែងលក់សាំង៖ អាជីវកម្មលក់សាំងតាមផ្លូវជាលក្ខណៈគ្រួសារ ដែលមិនមែនជាស្ថានីយប្រេងឥន្ធនៈ ក៏អាចនឹងត្រូវបាត់មុខផងដែរនាពេលខាងមុខ ដោយសារតែបច្ចុប្បន្នចំនួនស្ថានីយប្រេងឥន្ធនៈមានកាន់តែច្រើនឡើងៗ។ មួយវិញទៀត យានជំនិះទាំងរថយន្ត និងម៉ូតូសេរីថ្មីជាច្រើន សុទ្ធតែស៊ីសាំងតិច ហើយប្រជាពលរដ្ឋកម្ពុជាក៏ចាប់ផ្ដើមយល់ដឹងពីការផលប៉ះពាល់នៃការចាក់សាំងគ្មានគុណភាពមកលើយានជំនិះផងដែរ។

៣, អាជីវកម្មជួលជុលទូរសព្ទដៃខ្នាតតូច៖ បច្ចុប្បន្នអាជីវកម្មប្រភេទនេះចាប់ផ្ដើមបាត់មុខជាបណ្ដើរៗហើយ ដោយសារក្រុមហ៊ុនទូរសព្ទមួយចំនួនមានកន្លែងជួលជុលប្រចាំក្រុមហ៊ុនផ្ទាល់តែម្ដង ដើម្បីបម្រើសេវាកម្មដល់អតិថិជនរបស់ពួកគេ ហើយហាងជួសជុលទូរសព្ទដៃធំៗជាច្រើនក៏បង្ហាញវត្តមានផងដែរ ដែលសុទ្ធតែមានការធានាត្រឹមត្រូវ។ មួយវិញទៀត ទូរសព្ទមួយចំនួនគ្រឿងបន្លាស់មានតម្លៃថ្លៃ ដែលតម្រូវឲ្យអ្នកប្រើប្រាស់សុខចិត្តប្រើដល់ចាស់ និងទិញថ្មីតែម្ដង។ ដូច្នេះ មិនយូរទេ កន្លែងជួលជុលតូចៗជាច្រើន នឹងបាត់មុខលែងមានវត្តមានដូចបច្ចុប្បន្នទៀតហើយ។

អត្ថបទដោយ៖ Nevin

Related Articles