We TV Cambodia

អាជីវកម្ម ១៥០តូប នៅក្នុងតំបន់អង្គរ ត្រូវបានរើចេញ

អាជីវកម្ម ១៥០តូប នៅក្នុងតំបន់អង្គរ ត្រូវបានរើចេញ

​អាជីវកម្មចំនួន ១៥០ តូប​ស្ថិតនៅ​ខាងលិច​ប្រាសាទអង្គរវត្ត និង​ស្រះ​ត្រពាំង​សេស​ក្នុង​ខេត្តសៀមរាប​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​ទីតាំងអាជីវកម្ម ​ដើម្បី​ថែរក្សា​សោភ័ណភាព​ប្រាសាទ​អង្គរ​។​ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ផែនការ ​បានប្រកាស​កាលពី​ខែមករា​​កន្លងទៅ។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​និយាយ​នៅថ្ងៃនេះ​ថា រហូតមកដល់​ពេលនេះ​យុទ្ធនា​ការរុះរើ​ភោជនីយដ្ឋាន​ប្រមាណ ១៥០ ក៏ដូចជា​តូប​លក់​អាហារ និង​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ត្រូវបាន​បញ្ចប់​ដោយមាន​ការយល់ព្រម​ពី​ម្ចាស់​ក្រុមហ៊ុន​នៅក្នុងសេចក្ដីប្រកាស​នោះ ហើយ​ប្រគល់​ដី​ឡូ​តិ៍​របស់​ទាំងនោះ​ទៅឱ្យ​អាជ្ញាធរ​វិញ។​

​លោក​បាន​បន្ថែមទៀតថា ចាប់ពី​ពេលនេះ​តទៅ​បរិវេណ​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត​ទាំងមូល​នឹងត្រូវ​បាន​ផ្លាស់ប្តូរ​ទៅជា​ទេសភាព​ស្រស់ស្អាត​ជាង​មុន​ជាមួយនឹង​ដើមឈើ​បៃតង សួនច្បារ និង​ផ្កា​ចម្រុះ​ពណ៌​។​ហើយ បច្ចុប្បន្ននេះ​ក្រុមការងារ​អាជ្ញាធរ​អប្សរា​កំពុង​មមាញឹក​រៀបចំ​សួនច្បារ​បន្ថែមទៀត​ដោយ​ដាំ​ស្មៅ រៀបចំ​ផ្លូវ និង​ថែរក្សា​រុក្ខជាតិ​ដែល​បាន​ដាំ​រួចហើយ​។​

អ្នកស្រី ស៊ាង ស៊ត់ អាជីវករលក់បាយ មាន់អាំង និងម្ហូបកុម្ម៉ង់ តាំងពីឆ្នាំ១៩៩១ បានលើកឡើងថា កន្លែងនេះខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយភ្ញៀវជាតិ-អន្តរជាតិដែលមកពិសារអាហារនៅទីនេះ។ ទីនេះក៏បានផ្តល់នូវភាពធូរធារដល់ជីវភាពគ្រួសារខ្ញុំ ចិញ្ចឹមកូនៗបានរៀនសូត្រខ្ពង់ខ្ពស់។ ថ្ងៃនេះខ្ញុំរីករាយក្នុងការរុះរើសំណង់ទាំងនេះដោយស្ម័គ្រចិត្ត ព្រោះអាជ្ញាធរជាតិអប្សរាបានផ្តល់ទីតាំងថ្មីសម្រាប់ខ្ញុំលក់ដូរបន្ត ដែលថ្មី ស្អាត ហើយមានអនាម័យជាងកន្លែងចាស់។ អ្នកស្រី ស៊ត់ ក៏បានគាំទ្រចំពោះវិធានការរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំបរិវេណជុំវិញត្រពាំងសេសឱ្យស្អាតដើម្បីអង្គរមានសណ្តាប់ធ្នាប់ មានភាពបៃតង ឱ្យភ្ញៀវទេសចរមកលេងកាន់តែច្រើន លក់ដូរក៏កាន់តែដាច់។

អ្នកស្រី មាស សាគុណ ម្ចាស់តូបចំនួន៤ខ្នង លក់វត្ថុអនុស្សាវរីយ៍បោះដុំនិងរាយនៅខាងកើតត្រពាំងសេស បានចាប់ប្រកបរបរនេះតាំងពីឆ្នាំ៩០ជាងនោះ ក៏ពុំបានជំទាស់នឹងវិធានការអភិវឌ្ឍបរិវេណមុខប្រាសាទអង្គរវត្តឡើយ ព្រោះអ្នកស្រីដឹងថា ទីនេះជាដីកម្មសិទ្ធិរបស់រដ្ឋ រដ្ឋយកវិញពេលណាក៏នឹងព្រមប្រគល់ជូនដោយស្ម័គ្រចិត្តដូចជាការរុះរើនៅថ្ងៃនេះស្រាប់។ ដំបូងឡើយ អ្នកស្រីក៏មានការបារម្ភណាស់ដែរ តែលុះបានទទួលព័ត៌មានពីអាជ្ញាធរជាតិអប្សរា បានឃើញកន្លែងលក់ដូរថ្មីក៏មានចិត្តសប្បាយរីករាយទទួលយក ព្រោះគ្រប់គ្នាត្រូវតែរុះរើចេញពីទីតាំងត្រពាំងសេសនេះដូចគ្នាទាំងអស់។

ដោយ៖ Stince

ប្រភពរូបភាព៖ អាជ្ញាធរអប្សរា

Related Articles