
អាជីវកម្មលក់សាច់សុនខជាច្រើនបានបិទទ្វាជាបន្តបន្ទាប់ ក្រោយពីមានការចេញច្បាប់ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ និងពិឃាតសត្វសុនខគ្រប់ប្រភេទ ដែលបានប្រកាសដោយក្រសួងកសិកម្មកាលពីដើមខែកក្កដាកន្លងទៅនេះ។

យោងតាមលោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងខេត្តសៀមរាប មានទីតាំងពិឃាត និងលក់សាច់សុនខចំនួន ២៥កន្លែង ប៉ុន្តែមាន ១២ទីតាំង បានសម្រេចបិទដោយខ្លួនឯង បន្ទាប់ពីមានការពន្យល់ណែនាំពីមន្ត្រីជំនាញ និងនៅសល់ប្រមាណ ១៣កន្លែង ទៀតសន្យាថានឹងឈប់បន្តអាជីវកម្មលក់ពិឃាតសត្វសុនខនេះក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

លោក ចាន់ ផ្លក់ និងភរិយា រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានប្រកបរបរលក់សាច់សុនខនេះប្រមាណ ១០ឆ្នាំមកហើយនោះ បានឯកភាពថានឹងឈប់ប្រកបអាជីវកម្មនេះទៅតាមការណែនាំ ដោយសុខចិត្តប្តូរមុខរបរទៅចិញ្ចឹមសត្វ និងសុំច្បាប់អនុញ្ញាតលក់សាច់គោ សាច់ជ្រូកវិញម្តង។

ទោះជាយ៉ាងណា លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថា ការហាមឃាត់នេះមិនមែនជាការរឹតបន្តឹងដាច់ណាត់នោះទេ ពោលគឺជាការហាម ដើម្បីរួមគ្នាកាត់បន្ថយជាបណ្តើរៗនៃការពិឃាត និងបរិភោគសាច់នេះឱ្យមកនៅកម្រិតអប្បបរិមា និងឈានទៅលែងមានទាំងស្រុងនាពេលអនាគត។
អត្ថបទដោយ៖ Nevin
