ដោយ៖ស្រីពេជ្រ
ព្រះសីហនុ៖ ល្បែងអនឡាញ និង កាស៊ីណូដែលលែងល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើណេតក្នុង និង ក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ត្រូវបានចេញសារាចរណែនាំ កាលពីថ្ងៃ ទី ១៨ ខែសីហា ឆ្នាំ ២០១៩ ដែលត្រូវបានបិទជាផ្លូវការ នៅថ្ងៃ ០១ ខែ មករា ឆ្នាំ ២០២០ នេះតែម្ដង។
តាមខ្លឹមសារាចរណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលកម្ពុជា រាល់អាជីវកម្មកាស៊ីណូអនឡាញត្រូវ អស់សុពលភាពប្រកបអាជីវកម្មត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
រដ្ឋបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ និងសំដៅចំពោះ ម្ចាស់កាស៊ីណូគ្រប់ប្រភេទ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព តាមខ្លឹមសារ សារាចរណែនាំខាងលើចាប់ពីម៉ោងសូន្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ ចំណែកឯ ការធ្វើអាជីវកម្មកាស៊ីណូ អាចដំណើរការជាធម្មតាស្របទៅតាមច្បាប់កំណត់ ។
គួរបញ្ជាក់ផងដែរថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ នឹងចុះត្រួតពិនិត្យតាមកាស៊ីណូក្នុងខេត្តព្រះសីហនុ ក្នុងករណី ម្ចាស់អាជីវកម្មទាំងនោះ នៅតែបន្តធ្វើអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពបន្តទៀត ក្រុមការងារនឹងចាត់វិធានការ តាមផ្លូវច្បាប់ដែលមានចែងជាធរមាន៕
