
ដោយៈ ទិន សុខាវុធ
លោក ឃឹម ហ្វីណង់ អភិបាលស្រុក បន្ទាយស្រី កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ បានអះអាងប្រាប់អ្នកសារព័តមានថា អាជីវកម្មពុះដីឡូតិ៍លក់របស់ក្រុមហ៊ុនទាំងឡាយ នៅក្នុងស្រុករបស់លោក សុទ្ធតែពុំមានច្បាប់អនុញ្ញាតទាំងអស់។ អាស្រ័យហេតុនេះ លោកសំរេចចិត្តផ្អាកអាជីវកម្មទាំងនោះ រហូតដល់ពួកគេទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ ទើបលោកសំរេចអោយក្រុមហ៊ុនទាំងនោះបន្តអាជីវកម្មរបស់ពួកគេបន្តទៅទៀត។
លោកអភិបាលស្រុក ឃឹម ហ្វីណង់ បានបន្ថែមទៀតថា ការពុះដីឡូតិ៍លក់នៅក្នុងស្រុករបស់លោក មិនមែនសុទ្ធតែអាចត្រូវធ្វើទៅបាននោះទេ ពីព្រោះមានទីតាំងខ្លះមិនស័ក្តិសមនឹងសង់ផ្ទះល្វែងបានឡើយ គឺត្រូវរក្សាទុកជាតំបន់ទេសភាពវប្បធម៌បុរាណ រីឯតំបន់ខ្លះទៀត ត្រូវរក្សាទុកជាតំបន់កសិកម្ម។ ពោលគឺការសង់ទីក្រុងក្នុងតំបន់ប្រាសាទបុរាណ អាចធ្វើអោយបាត់បង់នូវសក្តានុពលវប្បធម៌និងអរិយធម៌បុរាណ នៅក្នុងស្រុក បន្ទាយស្រី ខេត្ត សៀមរាប ។
មួយវិញទៀត បើតាមលោកអភិបាលស្រុក បណ្តាអ្នកធ្វើអាជីវកម្មពុះដីឡូតិ៍លក់ក្នុងស្រុករបស់លោក ភាគច្រើនមិនទាន់មានប្លង់រឹងនៅឡើយទេ។ ប្រការនេះអាចនឹងធ្វើអោយកើតមានបញ្ហានៅពេលក្រោយទៀត។
អាស្រ័យហេតុនេះ ដើម្បីជៀសវាងបញ្ហាកើតមានឡើងនៅពេលក្រោយទៀត លោកអភិបាលស្រុកបានប្រាប់ដល់អាជីវករពុះដីឡូតិ៍លក់ក្នុងស្រុក បន្ទាយស្រី ទាំងអស់ ចាំបាច់ត្រូវមានប្លង់រឹងជាមុនសិន មុននឹងគិតចង់ធ្វើអាជីវកម្មពុះដីឡូតិ៍លក់។
ជាលទ្ធផល លោកអភិបាលស្រុក បន្ទាយស្រី បានបញ្ជាអោយក្រុមហ៊ុនទាំងនោះរុះរើរាល់ផ្ទាំងផ្លាកសញ្ញាផ្សាយពាណិជ្ជកម្មទាំងអស់ ព្រមទាំងគ្រប់ការផ្សាយពាណិជ្ជកម្មទាំងឡាយនៅតាមបណ្តាញសង្គមផងដែរ៕
