We TV Cambodia

អាជីវកម្មទេសចរណ៍ចំនួន៣៣ ទទួលបានបណ្ណសរសើរពីក្រសួង ដោយសារអនុវត្តវិធានសុវត្ថិភាពបានល្អ

អាជីវកម្មទេសចរណ៍ចំនួន៣៣ ទទួលបានបណ្ណសរសើរពីក្រសួង ដោយសារអនុវត្តវិធានសុវត្ថិភាពបានល្អ
ការប្រគល់បណ្ណសរសើរដល់អាជីវកម្មទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)

ស្ថិតក្នុងកំលុងពេល COVID-19 អាជីវកម្មទេសចរណ៍ជាច្រើនបានបិទ និងផ្ងាកដំណើរការដោយសរតែគ្មានភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងស្នាក់នៅ ប៉ុន្តែក៏មានអាជីវកម្មទេសចរណ៍មួយចំនួននៅតែបន្តបើកដំណើរករអាជីវកម្មរបស់ខ្លួនជាធម្មតា ទោះបីស្ថិតក្នុងកំលុងពេល COVID-19 ក៏ដោយ ប៉ុន្តែត្រូវស្ថិតក្រោមវិធានសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។

ភោជនីយដ្ឋាន (ប្រភព៖ Google)

យោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រសួងបានផ្ដល់ប័ណ្ណសរសើរដល់អាជីវកម្មទេសចរណ៍ចំនួន ៣៤កន្លែង ដែលបានកែទម្លាប់អាជីវកម្មរបស់ខ្លួនបានល្អត្រឹមត្រូវ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍។ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពអនុវត្តលើកិច្ចការងារនេះបន្ថែម សម្រាប់គោលដៅរាជធានីភ្នំពេញជាគោលដៅប្រមូលផ្តុំសេវាកម្មទេសចរណ៍ច្រើនលើសលុប លោក ថោង ខុន បានផ្តល់អនុសាសន៍ណែនាំបន្ថែមមួយចំនួនសម្រាប់កិច្ចការងារអនុវត្តបន្ត ដូចតទៅ៖

សណ្ឋាគារក្នុងប្រទេសកម្ពុជា (ប្រភព៖ Google)

១, ការចុះឈ្មោះប្រើប្រាស់សេវាកម្ម បានដាក់បញ្ចូលជាលក្ខខណ្ឌតម្រូវចាំបាច់មួយនៅក្នុងវិធានសុវត្ថិភាពទេសចរណ៍។ ស្នើឱ្យអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ជំរុញឱ្យបានរហ័សដាក់ចេញប្រព័ន្ធគ្រប់គ្រងទិន្នន័យភ្ញៀវរួមមួយ និងដាក់ឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ប្រើប្រាស់ជាកាតព្វកិច្ចតែម្តង ដោយផ្តើមចេញពីសេវាកម្មស្នាក់នៅទេសចរណ៍ និងសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍។

ការជិះកាណូតកំសាន្ត (ប្រភព៖ Google)

២, ចំពោះលក្ខខណ្ឌតម្រូវឱ្យមានអាជីវកម្មបិទផ្សាយ និងក្រើនរំលឹកអំពីការអនុវត្ត លាងដៃ ពាក់ម៉ាស់ វាស់កម្តៅ នៅតាមច្រកទ្វារចេញចូលឱ្យបានជាប់ជាប្រចាំ និងឱ្យបានគ្រប់គ្នា គួរត្រូវបានជម្រុញឱ្យអនុវត្តឱ្យបានរហ័សក្នុងរយៈពេលខ្លីនេះ ដោយហេតុថានេះជាការងារដែលមិនតម្រូវឱ្យអាជីវកម្មត្រូវចំណាយច្រើនឡើយ រីឯខ្លឹមសារណែនាំក៏មានស្រាប់ស្របតាមការកំណត់រួចជាស្រេចរបស់ក្រសួងសុខាភិបាល។

ការប្រគល់បណ្ណសរសើរដល់អាជីវកម្មទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)

៣, ជារួមសម្រាប់សេវាកម្មទាំង៦ខាងលើនេះ តម្រូវឱ្យមានជាចាំបាច់នូវការបណ្ដុះបណ្ដាលជំនាញ និងការអនុវត្តជាក់ស្ដែងដល់បុគ្គលិកបម្រើការងារទាំងអស់។ ស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើសម្រង់ស្ថិតិបុគ្គលិកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ និងធ្វើសហការបន្តជាមួយនាយកដ្ឋានបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រមែប្រមូលបុគ្គលិកទាំងអស់នេះមកទទួលការបណ្ដុះបណ្ដាលជាការចាំបាច់។

ការប្រគល់បណ្ណសរសើរដល់អាជីវកម្មទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)

៤, ចំពោះសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក លោកស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងការអនុវត្តរក្សាវិធានសុវត្ថិភាពទេសចរណ៍នេះចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១ នៅទីតាំងចំណត គួរចាត់តាំងឱ្យមានមន្ត្រីប្រចាំការ ធ្វើការណែនាំដល់សាធារណជនគ្រប់រូបដែលធ្វើដំណើរចេញចូលឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវដែលបានកំណត់។ ដំណាក់កាលទី២ នៅក្នុងមធ្យោបាយដឹកជញ្ជូន គួរទម្លាក់ការទទួលខុសត្រូវដល់ម្ចាស់មធ្យោបាយដឹកជញ្ជូនផ្ទាល់តែម្តង។ ការទទួលខុសត្រូវនេះគួរត្រូវមានវគ្គបណ្តុះបណ្តាលត្រឹមត្រូវ និងមានរៀបចំជាបញ្ជីឈ្មោះបុគ្គលិកទទួលបានការបណ្តុះបណ្តាលតែម្តង រួមទាំងអ្នកបើកបរផងដែរ។

ការប្រគល់បណ្ណសរសើរដល់អាជីវកម្មទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)

៥, ចំពោះគោលដៅកម្សាន្តមួយចំនួនដែលមានចរិតជារមណីយដ្ឋាន ដែលភាគច្រើននៅរាជធានីភ្នំពេញជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ក៏គួរត្រូវបានណែនាំឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះផងដែរ៕

សូមបញ្ជាក់ថា ក្នុងចំណោមអាជីវកម្មទាំង ៣៣កន្លែងនោះ មានសេវាកម្មស្នាក់នៅ ចំនួន ១៤ទីតាំង, សេវាកម្មភោជនីយដ្ឋានចំនួន ១១ទីតាំង, សេវាកម្មដឹកជញ្ជូនផ្លូវទឹកចំនួន ៩អាជីវកម្ម។

អត្ថបទដោយ៖ Nevin

Related Articles