We TV Cambodia

អាជីវកម្មទេសចរណ៍កាន់តែដុនដាប ខណៈតំបន់ទេសចរណ៍ស្ងាត់សូន្យឈឹង

អាជីវកម្មទេសចរណ៍កាន់តែដុនដាប ខណៈតំបន់ទេសចរណ៍ស្ងាត់សូន្យឈឹង

អាជីវកម្មទេសចរណ៍ក្នុងប្រទេសកម្ពុជាកាន់តែដុនដាបទៅៗពីមួយខែទៅមួយខែ ពិសេសក្នុងកំឡុងពេលនៃការផ្ទុះកូវីដ១៩ សារជាថ្មីនេះតែម្ដង ខណៈដែលអាជីវកម្មភាគច្រើនប្រឹងរស់ទាំងត្រដរខ្យលអស់រយៈពេលជិតមួយឆ្នាំមកហើយនោះ។

ការបាត់បង់ភ្ញៀវទេសចរណ៍បរទេសដោយសារកូវីដ១៩ វាជាបញ្ហាដ៏ធំមួយដែលធ្វើឲ្យអាជីវកម្មទេសចរណ៍ជាច្រើនបិទទ្វារបន្តកន្ទុយគ្នា ដោយសារតែដង្ហើមអាជីវកម្មទេសចរណ៍នៅកម្ពុជាភាគច្រើនពឹងផ្អែកស្ទើរទាំងស្រុងលើការចំណាយរបស់ភ្ញៀវទេសចរណ៍បរទេស ដែលមកកំសាន្តនៅកម្ពុជាជាង ១លាននាក់ជារៀងរាល់ឆ្នាំ។

ដោយឡែកភ្ញៀវទេសចរណ៍ក្នុងស្រុកត្រឹមតែជាចំណែកមួយប៉ុណ្ណោះនៃអាជីវកម្មទេសចរណ៍ ប៉ុន្តែវាបានក្លាយជាចំណែកដ៏ធំមួយផងដែរក្នុងការបន្តដង្ហើបអាជីវកម្មទសចរណ៍មួយចំនួនក្នុងកំឡុងពេលនៃការផ្ទុះកូវីដ១៩ រយៈពេលប៉ុន្មានខែកន្លងមកនេះ តែវាមិនអាចឲ្យអាជីវកម្មទាំងនោះរកប្រាក់ចំណេញបានទេ ពោលត្រឹមតែជួយកាត់បន្ថយការខាតបង់ប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីមានការផ្ទុះកូវីដ១៩ សារជាថ្មី និងមានលក្ខណៈជាការផ្ទុះក្នុងសហគមន៍នេះ តំបន់ទេសចរណ៍ស្ទើរតែទាំងអស់នៅទូទាំងប្រទេស ប្រែជាស្ងាត់សូន្យឈឹងតែម្ដង ដោយសារតែគ្មានអ្នកចេញទៅដើរកំសាន្ត ហើយអាជីវកម្មទេសចរណ៍​ដែលកន្លងមកនៅបន្តប្រឹងរស់ទាំងប្រដាបត្រដួសនោះ ក៏កាន់តែដុបដាបជាងមុនខ្លាំងទៅៗផងដែរ និងមិនដឹងថាអាចទ្រាំទ្របានប៉ុន្មានខែទៀតនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles