We TV Cambodia

អាជីវកម្មចង្រិតបំពង លេចចេញរូបរាងច្បាស់លាស់ហើយ តើនឹងមានចំនុចពិសេសអ្វីខ្លះ?

អាជីវកម្មចង្រិតបំពង លេចចេញរូបរាងច្បាស់លាស់ហើយ តើនឹងមានចំនុចពិសេសអ្វីខ្លះ?

ភ្នំពេញ៖ ទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ន បើនិយាយអំពីអាជីវកម្មចង្រិតបំពង គឺហាក់ដូចជាមានភាពសម្បូរ​បែបគ្រាន់បើដែរ ដោយហេតុថា ចង្រិតបំពងគឺជាប្រភេទអាហារសម្រន់មួយប្រភេទដែលមានប្រជាប្រិយភាពខ្លាំង ស្ទើតែគ្រប់ស្រទាប់វណ្ណៈ។ យ៉ាងណាមិញនៅក្នុងទីក្រុងភ្នំពេញ​ ប្រិយមិត្ដអាច​ស្វែងរកទិញបាន អាហារសម្រន់ប្រភេទនេះ នៅតាមទីសួនកម្សាន្ដសាធារណៈ ឬក៏អាចនៅតាមហាងលក់គ្រឿងស្រវឹងនានា។ បើទោះបីជាអាហារសម្រន់មួយនេះមានភាពពេញនិយមច្រើនក៏ពិតមែន ប៉ុន្ដែបើងាកមក​មើលពីរូបរាងអាជីវកម្ម​ពិតប្រាកដ កន្លងមកនៅមិនទាន់មានអាជីវកម្មណាមួយ មានរូបរាងច្បាស់លាស់នៅឡើយទេ ជាក់ស្ដែងមានត្រឹមតែជាការលក់ដូរប្រចាំថ្ងៃបន្ដិចបន្ដូច និងជាលក្ខណៈចល័តសម្របតាមជីវភាពតែប៉ុណ្ណោះ។ ដោយឡែកនាពេលថ្មីៗនេះ មានអាជីកម្មចង្រិតបំពងមួយបានបង្ហាញវត្ដមានក្នុងទីក្រុងភ្នំពេញ នោះគឺ “ ស្រួយ ស្រួយ” ។

ហាងចង្រិតបំពងត្រូវបានបង្កើតឡើងប្រហែលជាជាង១ឆ្នាំទៅហើយ ដោយលោក មិន ផាណ្ណារ៉ាក់ និងភរិយា។ ដំបូងឡើយអាជីវកម្មចង្រិតបំពងនេះ ឈជើងដោយផ្អែកលើប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ក្រោយដោយសារតែមានការគាំទ្រច្រើន លោក មិន ផាណ្ណារ៉ាក់ ក៏សម្រេចចិត្ដបង្កើតជាហាងតែម្ដង។ ចំនុចពិសេសចង្រិតបំពង របស់ ស្រួយ ស្រួយ គឺ ការចម្អិន រសជាតិប្លែក(រូបមន្ដគ្រួសារ) អនាម័យ ការវេចខ្ចប់ និងចំពោះប្រេងដែលប្រើសម្រាប់បំពងចង្រិតគឺប្រើតែម្ដងគត់ ព្រោះកាលណាយកប្រេងដែលធ្លាប់ចម្អិនទៅប្រើម្ដងទៀតនោះ វាធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកញ៉ាំ។

លោក មិន ផាណ្ណារ៉ាក់ បានប្រាប់ទៅកាន់ភ្នាក់ងា Business Cambodia អំពីមូលហេតុនៃការបង្កើតជាជីវកម្មនេះឡើង ថា ដំបូងឡើយគាត់ និងភរិយាចូលចិត្ដញ៉ាំចង្រិតបំពងដែលលក់នៅតាមទីផ្សារណាស់​ តែដោយហេតុភាគច្រើន​នៃចង្រិតបំពងដែលលោកបានទិញយកមកញ៉ាំគឺ ធ្វើឲ្យលោក មានអាការៈឈឺបំពងក ហើយចំនុចដែលជាការខ្វះខាតទៀតនោះ ដូចជាការវិចខ្ចប់ និង គុណភាពជាដើម។ លោកបានបន្ដទៀតថា ការបើកអាជីវកម្មចង្រិតបំពងនេះ ដំបូងឡើយលោកប្រើដើមទុន អស់១០០០ដុល្លារ តែបច្ចុប្បន្នអាជីវកម្មនេះ អាចរកចំណូលមកវិញបាន ១០០០ដុល្លារក្នុងមួយខែ​នេះគិតត្រឹមតែមួយសាខាផង៕

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Business Cambodia & Facebook

រូបភាព៖ ហ្វេសប៊ុក

Related Articles