ខែរងាដល់ហើយ អាកាសធាតុចាប់ផ្តើមត្រជាក់ខ្លាំង ដូច្នេះការការពារស្បែកជារឿងចាំបាច់បំផុតនាពេលបច្ចុប្បន្ននេះ។ តើអ្នកគួរធ្វើបែបណា ដើម្បីឲ្យស្បែកនៅតែស្រស់ស្អាតជានិច្ច?
១, ឡេសំណើម
អ្នកគួរតែជ្រើសរើសឡេដែលផ្ដល់សំណើមខ្លាំងប្រភេទបែប moisturizers ព្រោះឡេបែបនេះនឹងផ្ដល់សំណើមការពារស្បែកកុំឲ្យជ្រីវជ្រួញ ជាពិសេសក្នុងអាកាសធាតុត្រជាក់បែបនេះ។ បើទោះបីជាថ្ងៃខ្លះមេឃស្រទុំត្រជាក់ក៏ពិតមែន តែអ្នកក៏ត្រូវប្រើប្រាស់ ឡេការពារកំដៅថ្ងៃ (Sun cream)ផងដែរ ព្រោះឡេប្រភេទនេះសំខាន់បំផុតសម្រាប់សុខភាពស្បែកនៅពេលដែលអ្នកត្រូវចេញទៅក្រៅម្តងៗ។

២,ការសំអាតខ្លួនប្រាណ
មេឃត្រជាក់ហើយ មិនសូវបែកញេីសទេ អញ្ចឹងមួយថ្ងៃមុជទឹកតែពីរដងអីបានហើយ។ ការមុជទឹកច្រើនក៏អាចធ្វើឲ្យស្បែកឆាប់ស្ងួតដែរ។ ជាក់ស្តែង ប្រសិនបើអ្នកប្រើប្រាស់សាប៊ូដុសខ្លួន ឬ សាប៊ូលាងមុខ ដែលជាប្រភេទមានជាតិកាត់ស្បែកអោយស នោះកាន់តែគ្រោះថ្នាក់ ព្រោះសាប៊ូប្រភេទនេះធ្វើឲ្យស្បែកស្ងួតខ្លាំងណាស់។ ដូច្នេះការកាត់បន្ថយការមុជទឹកក៏អាចការពារកុំឲ្យស្បែកស្ងួតបានផងដែរ។ ៣,ការស្លៀកពាក់
កុំចង់ស្លៀកខ្លីចេញស្បែកអី ព្រោះអាកាសធាតុត្រជាក់ណាស់។ ទោះអ្នកលាបឡេខ្លាំងឬច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចការពារស្បែកមិនឲ្យស្ងួតបានដែរប្រសិនបើអ្នកនៅតែស្លៀកខោរអាវវាលៗនោះ។
៤,ការទទួលទានទឹក
ទឹកពិតជាសំខាន់ណាស់មិនថាពេលអាកាសធាតុត្រជាក់ឬខាងក្តៅឡើយ។ មេឃត្រជាក់ធ្វើអោយអ្នកមិនសូវស្រេកទឹកទេ តែអ្នកត្រូវចាំថាអ្នកត្រូវផឹកទឹកអោយបានយ៉ាងតិច មួយលីត្រកន្លះ ឬ 2 លីត្រក្នុងមួយថ្ងៃ ដើម្បីឲ្យសុខភាពស្បែករបស់អ្នកនៅតែស្រស់ស្អាតរលោង។
៥, របបអាហារប្រចាំថ្ងៃ
សូមរក្សាការញ៉ាំបន្លែ ផ្លែឈើ និងសាច់អោយបានគ្រប់គ្រាន់ព្រោះសុខភាពស្បែដែលស្អាតគឺចេញមកពីខាងក្នុងមិនមែនស្អាតដោយសារការលាបឡេតែខាងក្រៅនោះទេ។ របបអាហារត្រឹមត្រូវនិងផ្ដល់សំណើមដល់សុខភាពស្បែកបានល្អ និងធ្វើអោយអ្នកមានសុខភាពល្អ ពោរពេញដោយអារម្មណ៍ស្រស់ស្រាយផងដែរ។
អត្ថបទដោយ៖ ពិសី
