We TV Cambodia

អភិបាលស្រុក ឃឹម ហ្វីណង់ សោកស្ដាយចំពោះអ្នកចោលសំរាមក្នុងតំបន់សក្ការបូជា «ព្រះអង្គជប់» លើភ្នំគូលែន

អភិបាលស្រុក ឃឹម ហ្វីណង់ សោកស្ដាយចំពោះអ្នកចោលសំរាមក្នុងតំបន់សក្ការបូជា «ព្រះអង្គជប់» លើភ្នំគូលែន

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលមហាជនជាច្រើនស្គាល់ថាជា​អភិបាលស្រុកគំរូ ដោយបានបង្ហាញស្នាដៃ និងគំនិតជាច្រើនក្នុងការកែប្រែស្រុកបន្ទាយស្រីឲ្យក្លាយជាស្រុកគំរូដូចជា យុទ្ធនាការផ្ទះមួយអំពូលមួយ, ការជួសជុលកង់ចាស់ៗទូទាំងស្រុកបន្ទាយស្រី, គម្រោភូមិគ្មានផ្លាស្ទីក និងគម្រោងជាច្រើនទៀតផងដែរ។

ទោះយ៉ាងណា ថ្មីៗនេះលោកអភិបាលស្រុកបានបង្ហោះសំណេរដ៏វែងអន្លាយមួយ ដោយបង្ហាញពីការសោកស្ដាយដែលមនុស្សមួយចំនួនបានចោលសំរាមយ៉ាងច្រើននៅតំបន់ «ព្រះអង្គជប់»  លើភ្នំគូលែន ជាកន្លែងដែលមនុស្សជាច្រើនចាត់ទុកជាទីសក្ការបូជា និងមានពុទ្ធបរិស័ទមកពីគ្រប់ទិសទីផ្តល់ការគោរពប្រណិប័តន៍ទៅវិញ។

លោកបន្តថា នេះជាលើកទីមួយហើយ ដែលខ្ញុំបានឡើងមកដល់ «ព្រះអង្គជប់» ចាប់តាំងពីបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី។ ខ្ញុំតែងតែលឺពីកិត្តិស័ព្ទ ភាពខ្លាំងពូកែស័ក្តិសិទ្ធិ និងសក្តានុពលផ្នែកទេសចរណ៍នៃកន្លែងដ៏វិសិដ្ឋមួយនេះ ប៉ុន្តែដោយសារទីនេះជាតំបន់ឧទ្យានជាតិ និងជាបន្ទាត់ព្រំប្រទល់រវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ (ត្រឹមច្រកឡើងនៅជើងភ្នំស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកផ្លូវឡើង និងផ្នែកខាងលើស្ថិតក្នុងស្រុកស្វាយលើ) ខ្ញុំតែងតែមិនបានចាត់ទុកទីនេះជាតំបន់គ្រប់គ្រងរបស់រដ្ឋបាលស្រុកបន្ទាយស្រីនោះទេ។

ប៉ុន្តែដោយមានការសំណូមពរពីប្រជាពលរដ្ឋ ទើបសម្រេចប្រមូលប្រជាពលរដ្ឋ និងសហការជាមួយក្រុមហ៊ុនចំប៉ីសៀមរាបបានជិត ២០០នាក់ ដាក់កម្មវិធីសម្អាតបរិស្ថាននៅក្នុងតំបន់នេះ តែអ្វីៗមានសភាពធ្ងន់ធ្ងរលើសពីការរំពឹងទុកទៅទៀត។ ចាប់តាំងពីចំណតរថយន្តនៅខាងផ្នែកខាងក្រោម ដល់ផ្នែកខាងលើ និងស្ទើរតែគ្រប់កន្លែង មានសុទ្ធតែសំរាមយ៉ាងច្រើន ហាក់ដូចជាមិនដែលមានអ្នកណាធ្លាប់មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមកលេងកម្សាន្ត។

ជាចុងក្រោយ លោកអភិបាលស្រុកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋដែលទៅកំសាន្ត និងគោរពបូជាក្នុងតំបន់នោះជួយថែររក្សា និងសម្អាតបរិស្ថានក្នុងតំបន់នោះផងដែរ ដើម្បីឲ្យតំបន់នោះក្លាយជាទីសក្ការៈបូជា និងតំបន់ទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរណ៍មកកំសាន្តទាំងអស់គ្នា។

អត្ថបទដោយ៖ Nevin

Related Articles