ប្រជាកសិករក្នុងខេត្តប៉ៃលិនជាច្រើននិយមដាំដំណាំហូបផ្លែ ៤ប្រភេទ ដោយសារតែវាមានភាពងាយស្រួលក្នុងការដាំ មានតម្រូវការខ្ពស់ និងអាចរកចំណូលបានច្រើន។ នេះបើយោងតាមការឲ្យដឹងដោយ លោក ធូ ភា អភិបាលរងប៉ៃលិន។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា ដំណាំហូបផ្លែ ៤ប្រភេទដែលប្រជាកសិករក្នុងខេត្តប៉ៃលិននិយមដាំមានដូចជា មៀនប៉ៃលិន ឬតាង៉ែន, ស្វាយកែវល្មៀត, ដំឡូងមី, និងពោតក្រហម។ ការនិយមដាំដំណាំប្រភេទនេះ ដោយសារតែវាមានភាពងាយស្រួលដាំ មានតម្រូវការខ្ពស់ និងអាចរកចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារផងដែរ។
លោកអភិបាលបានបន្ថែមទៀតថា ដំណាំទាំងនេះ មិនត្រឹមតែមានតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ តែវាក៏ជាដំណាំសម្រាប់ការនាំចេញរបស់កម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ មន្ទីរជំនាញប្រចាំខេត្តតែងតែបានចុះជួយអប់រំណែនាំដល់កសិករអោយដាំដុះដំណាំប្រភេទនេះត្រូវតាមបច្ចេកទេស ដោយចំណាយដើមទុនតិចហើយទទួលបានទន្និផលខ្ពស់ទៀតផង។
ក្រៅពីដំណាំទាំង ៤ប្រភេទខាងលើនេះ កសិករនៅខេត្តប៉ៃលិនក៏បានដាំដំណាំហូបផ្លែដ៏ទៃទៀតដូចជា មង្ឃុត, សាវម៉ាវ, ទុរេន, និងដំណាំហូបផ្លែដ៏ទៃទៀត ដើម្បីបំពេញទៅនឹងតម្រូវការទីផ្សារ ក៏ជាភ្ញៀវទេសចរដែលនិយមទៅលេងខេត្តប៉ៃលិន និងចូលចិត្តបរិភោគផ្លែឈើស្រស់ៗ ដែលមានរសជាតិឆ្ងុយឆ្ងាញ់ផងដែរ។
សូមបញ្ជាក់ថា ផ្ទៃដីដាំដុះកសិកម្មនៅខេត្តប៉ៃលិនក្នុងឆ្នាំ២០១៩ មានចំនួន ៧៧,៣៨៣ហិកតា ដោយទទួលបានបរិមាណសរុបចំនួន ១,០១៤,៨៩៦តោន។ ក្នុងនោះស្រូវប្រាំង និងស្រូវវស្សាមានចំនួន ៨,៦០០ហិកតា, ដំណាំរួមផ្សំ៥៦,៥១៥ហិកតា, ដំណាំហូបផ្លែ ១០,២២៧ហិកតា និងដំណាំឧស្សាហកម្មចំនួន ២,០៤១ហិកតា៕
អត្ថបទដោយ៖ Nevin