We TV Cambodia

អភិបាលខេត្តព្រៃវែង កំពុងកៀងគរអ្នកវិនិយោគមកបណ្តាក់ទុននៅលើវិស័យកសិកម្ម និងឧស្សាហកម្ម

អភិបាលខេត្តព្រៃវែង កំពុងកៀងគរអ្នកវិនិយោគមកបណ្តាក់ទុននៅលើវិស័យកសិកម្ម និងឧស្សាហកម្ម
វិស័យកសិកម្មក្នុងខេត្តព្រៃវែង (ប្រភព៖ វេង សាខុន)

អភិបាលខេត្តព្រៃវែងកំពុងកៀគររកអ្នកវិនិយោគមកបណ្តាក់ទុននៅលើវិស័យកសិកម្ម និងឧស្សាហកម្មក្នុងខេត្តព្រៃវែង ដើម្បីបង្កើតឱកាសការងារ និងលើកកម្ពស់ចំណូលសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។

វិស័យកសិកម្មក្នុងខេត្តព្រៃវែង (ប្រភព៖ វេង សាខុន)

ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តព្រៃវែងមានសក្តានុពលខ្លំាងលើវិស័យកសិកម្ម និងឧស្សាហកម្ម ដែលអាចទាក់ទាញវិនិយោគិនមកបោះទុនវិនិយោគ។ ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងវិស័យកសិកម្មអាជ្ញាធរខេត្តកំពុងជម្រុញឲ្យប្រជាកសិករខិតខំដំណាំស្រូវ អំពៅ បន្លែ និងចិញ្ចឹមសត្វ ដែលជួយឆ្លើយតបទៅនឹងតម្រូវការទីផ្សារហូបចុករបស់ប្រជាពលរដ្ឋ ពិសេសដំណាំស្រូវ និងដំណាំអំពៅ ដែលអាចបង្កើតរោងចក្រកែច្នៃនៅទីនេះបាន ។

ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង (ប្រភព៖ ក្រសួងព័ត៌មាន)

ឯកឧត្តមបន្ថែមថា បច្ចុប្បន្ននេះមានអ្នកវិនិយោគចំនួន ២ក្រុមហ៊ុនហើយ បានចាប់រម្មណ៍មកបណ្តាក់ទុននៅខេត្តព្រៃវែងលើវិស័យកសិកម្ម គឺក្រុមហ៊ុនឈ្នះឈ្នះ និងក្រុមហ៊ុនចិន ដែលជួយឲ្យបងប្អូននៅក្នុងខេត្តព្រៃវែងមានការងារធ្វើ និងកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចេញទៅធ្វើការនៅខាងក្រៅខេត្ត ។

វិស័យកសិកម្មក្នុងខេត្តព្រៃវែង (ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង)

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា «អ្វីដែលខ្ញុំកំពុងធ្វើបច្ចុប្បន្ននោះគឺ ការកៀរគរអ្នកវិនិយោគទុនដើម្បីមកវិនិយោគនៅក្នុងខេត្តព្រៃវែង ព្រោះថាវិស័យកសិកម្មតាមរបាយការណ៍ដែលខ្ញុំបានអានគឺបានឈានទៅមុខហើយ រួមនឹងវិស័យមួយចំនួនទៀតដូចជារោងចក្រ ព្រោះថានៅពេលមានវិនិយោគពាក់ព័ន្ធនឹងរោងចក្របងប្អូនប្រជាពលរដ្ឋគាត់មានលទ្ធភាពធ្វើការនៅក្នុងរោងចក្រ ដែលវានឹងកាត់បន្ថយការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋទៅក្រៅប្រទេស និងក្នុងប្រទេសផងដែរ»។

វិស័យកសិកម្មក្នុងខេត្តព្រៃវែង (ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង)

សូមបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តព្រៃវែងមានក្រុមហ៊ុនវិនិយោគចំនួន ១១៦ក្រុមហ៊ុន មានសាខាក្រុមហ៊ុនចំនួន ១៥៥សាខា សហគ្រាសឯកបុគ្គលចំនួន ២៣សហគ្រាស ដែលប្រតិបត្តិការលើវិស័យជាច្រើននៅក្នុងខេត្ត។ ក្រុមហ៊ុនទាំងនេះ បានវិនិយោគទៅលើធនាគារ, ការដឹកជញ្ជូនក្នុង និងក្រៅប្រទេស, សំណង់, រោងចក្រកាត់ដេរ, ផ្តត់ផ្គង់ទឹកស្អាត, អ៊ីនធើណេត និងសេវាទូរស័ព្ទ, ការនាំចេញនាំចូលផលិតផលកសិកម្ម និងគ្រឿងឧបភោគបរិភោគ, នាំចូល និងផ្គត់ផ្គង់សម្ភារៈកសិកម្ម, សហគ្រាសផលិតទឹកសុទ្ធ, ឡឥដ្ឋ, ផ្គត់ផ្គង់កែច្នៃឈើ, ប្លាស្ទិក, ញ៉ូម, ដែក និងផលិតផលកែច្នៃផលិតកសិកម្ម៕

អត្ថបទដោយ៖ Nevin

Related Articles