We TV Cambodia

អភិបាលខេត្តប៉ៃលិន៖ ផ្សារចុងសប្តាហ៍មួយនឹងបង្កើតឡើង ដើម្បីជួយដល់កសិកម្មខ្នាតតូច

អភិបាលខេត្តប៉ៃលិន៖ ផ្សារចុងសប្តាហ៍មួយនឹងបង្កើតឡើង ដើម្បីជួយដល់កសិកម្មខ្នាតតូច
ផ្សារចុងសប្ដាហ៍ក្នុងខេត្តកំពង់ចាម (ប្រភព៖ Google)

អភិបាលខេត្តប៉ៃលិន នឹងបង្កើតផ្សារចុងសប្ដាហ៍មួយ ដើម្បីជួយដល់កសិកម្មខ្នាតតូច និងប្រជាកសិករក្នុងខេត្តប៉ៃលិន ដែលកំពុងតែរងផលប៉ះពាល់ដោយសារជំងឺ COVID-19 ក្នុងរយៈពេលជាច្រើនខែមកនេះ។

ផ្សារចុងសប្ដាហ៍ក្នុងខេត្តកំពង់ចាម (ប្រភព៖ Google)

ឯកឧត្តម ផាន់ ចាន់ធុល បានឲ្យដឹងថា តាមរយៈគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) គឺអាជ្ញាធរខេត្ត មានគម្រោងសហការនឹងបង្កើតរៀបចំផ្សារចុងសប្តាហ៍ ដើម្បីជួយជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ស្របពេលប្រជាកសិករកំពុងរងផលប៉ះពាល់ទីផ្សារ ដោយសារការផ្ទុះឡើងនៃជម្ងឺកូវី-១៩

ផ្សារចុងសប្ដាហ៍ក្នុងខេត្តកំពង់ចាម (ប្រភព៖ Google)

ឯកឧត្តម បន្តថា ការរៀបចំផ្សារចុងសប្តាហ៍នេះដែរ គឺសម្រាប់ប្រជាកសិករលក់ដំណាំ ត្រី សាច់ បន្លែ និងមាន់ស្រែ ដែលជាបណ្តុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិ នៅទីតាំងសួនកុមារ មុខសាលាខេត្ត និងគ្រោងរៀបចំពង្រីកមាន់ស្រែអាំងតាមសហគមន៍ និងតាមតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងខេត្តប៉ៃលិនផងដែរ ដើម្បីចូលរួមគាំទ្រដល់ចលនាភូមិមួយផលិតមួយផង និងដោះស្រាយនូវបញ្ហាទីផ្សារជូនប្រជាកសិករផង ដែលកំពុងរងផលប៉ះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

មៀនប៉ៃលិន (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា សមាគមផលិតមាន់ស្រែនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានចំនួន ០៤ក្រុម ស្មើនឹង ១៥៩នាក់ ហើយមានកសិករគម្រូចំនួន ៧នាក់ ដែលទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសរុបចំនួន ៤០,៥០០ដុល្លារ ដោយផលិតមាន់ស្រែបានជាង ១,០០០ក្បាលក្នុង ១ខែៗ។ ចំណែកទីផ្សារសម្រាប់លក់មាន់ស្រែក្នុងខេត្ត គឺផ្សារប៉ាហ៊ី, ផ្សារព្រំ, ផ្សារសាលាក្រៅ, ផ្សារប៉ាងរលឹម, និងផ្សារបានឡែម (ខេត្តបាត់ដំបង)៕

ផលិតផលកសិកម្មក្នុងខេត្តប៉ៃលិន (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles