We TV Cambodia

អភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា មិនមានការនាំចូលជ្រូកពីវៀតណាមមកកម្ពុជា តាមខេត្តត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា មិនមានការនាំចូលជ្រូកពីវៀតណាមមកកម្ពុជា តាមខេត្តត្បូងឃ្មុំ
រូបភាពឯកសារ​

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធានាអះអាងថា មិនមានការនាំចូលជ្រូកពីប្រទេសវៀតណាម តាមច្រកមួយចំនួន នៃខេត្ដត្បូងឃ្មុំ មកកម្ពុជា ដូចពាក្យចចាមអារាម។

ឯកឧត្ដម សូមធានាថា មិនមានទេ ការនាំចូលជ្រូករស់ពី វៀតណាម ចូលកម្ពុជា តាមរយៈ ច្រកខេត្ដត្បូងឃ្មុំ ហើយបើមានការនាំចូល ក៏មិនមានជាឆន្ទានុសិទ្ធិ សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំដែរ គឺជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកចេញអាជ្ញាប័ណ្ណ។ លោកបានបន្ថែមទៀតថា មន្ដ្រីជំនាញខេត្ត បានខិតខំប្រឹងប្រែងណាស់ ក្នុងការទប់ស្កាត់ការនាំជ្រូកពីប្រទេសវៀតណាម ហើយមានព័ត៌មានមួយចំនួន បានចុះផ្សាយថា រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រងើយកន្ដើយចំពោះបញ្ហានេះ មិនមែនជាការពិតនោះទេ។

អភិបាលខេត្តត្បូងឃ្មុំ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ មានរហូតដល់១៤៣គីឡូម៉ែត្រ ដែលជាប់នឹងខាងប្រទេសវៀតណាម។ ហើយកាលពីឆ្នាំមុន មានបញ្ហានាំជ្រូក ពីប្រទេសវៀតណាមមែន ដោយសារតែកម្ពុជា មានការខ្វះខាត មិនអាចផ្គត់ផ្គង់ក្នុងស្រុកបាន ប៉ុន្ដែការនាំចូលនេះ មិនមានភាពទ្រង់ទ្រាយធំនោះឡើយ។

គូសបញ្ជាក់ថា បើតាមរបាយការណ៍បញ្ជាក់ ពីរដ្ឋបាលខេត្តត្បូងឃ្មុំ គឺមានកសិដ្ឋានចិញ្ចឹមជ្រូក១៩ ស្មើ៧៣ខ្នង កសិដ្ឋានចិញ្ចឹមមាន់៦៥ ស្មើ៨០ខ្នង។ សរុបទូទាំងខេត្ត មានគោ៨៨,០០០ក្បាល ក្របី២៤ ៧០០ក្បាល ជ្រូក៧២,០០០ក្បាល មាន់ ទា បក្សីផ្សេងៗ សរុប១,៥០០,០០០ក្បាល។

ដោយ៖ Stince

Related Articles