We TV Cambodia

អភិបាលខេត្ដពោធិ៍សាត់ ដាក់ចេញនូវលក្ខខ័ណ្ឌសំខាន់ៗចំពោះការអនុវត្តគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១

អភិបាលខេត្ដពោធិ៍សាត់ ដាក់ចេញនូវលក្ខខ័ណ្ឌសំខាន់ៗចំពោះការអនុវត្តគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ម៉ៅ ធនិន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណង ការតាំងទីលំនៅថ្មីជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពី​គម្រោង​វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង។ ក្នុងកិច្ចប្រជុំ ក៏មានការចូលរួម ពីលោក គីម ម្យុងអ៊ីល (Kim Myung-il) អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power) របស់ប្រទេសកូរ៉េខាងត្បូង លោក-លោកស្រីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាល ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាឃុំដែលមានការពាក់ព័ន្ធ និងប្រតិភូជាច្រើននាក់ទៀត។

ឯកឧត្ដម ម៉ៅ ធនិន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ ព្រោះសម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និង​អាច​ចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេសទៀត ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស។ ប៉ុន្ដែចំណុចដែលត្រូវចាប់ផ្តើម ចាំបាច់បំផុតគឺការដោះស្រាយផលប៉ះពាល់ ដូច្នេះស្នើឱ្យអាជ្ញាធរស្រុកពិនិត្យជាក់ស្តែង និងរក្សាបច្ចុប្បន្នភាពគ្រួសារដែលត្រូវទទួលសំណងចំនួន ៣៤៧គ្រួសារ ស្នើនឹង១៤៣៦​នាក់ ឱ្យនៅដដែល។

លោកបានបន្ថែមថា ចំពោះទីតាំងលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋទាំងនោះ ត្រូវឱ្យក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធចុះសិក្សាសាជាថ្មីម្តងទៀត ដើម្បីប្រាកដថាតើដីនៅតំបន់នោះ អំណោយផលទៅលើដំណាំកសិកម្មដែរឬក៏អត់? លោកបានបន្តទៀតថា ផ្ទះដែលសាងសង់ជូនប្រជាពលរដ្ឋ គួរតែស្ថាបនាផ្ទះគម្រូមួយខ្នង ដើម្បីឱ្យគណៈ​កម្មការត្រួតពិនិត្យ និងវាយតម្លៃ។ ឯកឧត្ដម ក៏បានធ្វើការណែនាំដល់តំណាងក្រុមហ៊ុនវិនិយោគ រាល់ការងារក្នុងការដ្ឋានត្រូវមានកិច្ចសហការល្អ ជាមួយក្រុមការ​ងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ឬអាជ្ញាធរដែនដី ដើម្បីពន្លឿន និងបញ្ជៀសនូវហានិភ័យនៃការអនុវត្តន៍គម្រោងខាងលើ។

កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន ៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ​លេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន ៦០មេហ្គាវ៉ាត់។

ដោយ៖​Stince

Related Articles