ដោយសារតែការរាតត្បាតខ្លាំងនៃមេរោគ កូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក កំពុងតែធ្លាក់ចុះ បណ្ដាប្រទេសនានា ដែលមានការចំណូលស្រុកពលករ មកធ្វើការ ខ្លះក៏ត្រូវផ្អាក ខណៈដែលរបាយការណ៍របស់ World Economic Forum ក៏បានបង្ហាញ ពីទិន្នន័យចរន្ដសាច់ប្រាក់ ទៅកាន់ស្រុកកំណើតពលករ ក៏ត្រូវថយចុះ។
របាយការណ៍របស់ WEF បានបង្ហាញថា កាលពីឆ្នាំ២០១៩ តាមការប៉ាន់ស្មានមួយប្រហែល មានប្រជាជន២០០លាននាក់ ដែលជាកម្លាំងពលកម្មចំណាកស្រុកជាសកល បានផ្ញើរប្រាក់ទៅកាន់ស្រុកកំណើត រហូតដល់ទៅ៧១៥ពាន់លានដុល្លារ។ ក្នុងទំហំទឹកប្រាក់ទាំងអស់នោះ មានចំនួន៥៥១ពាន់លានដុល្លារត្រូវបានគេប៉ាន់ស្មានថា ត្រូវផ្ញើរទៅកាន់ គ្រួសារដែលមានចំនួន ៨០០លានគ្រួសារ ក្នុងបណ្ដាប្រទេស ដែលមានចំណូលទាប និងមធ្យម។ ដោយឡែកតាមទិន្នន័យពីខាងធនាគារ អេស៊ីលីដា ក៏បញ្ជាក់ដែលថា ពលករកម្ពុជានៅប្រទេសកូរ៉េ ក៏ទទួលរងផលប៉ះពាល់ពីការរាតត្បាតមេរោគកូវីដ១៩ផងដែរ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២០ ចរន្ដសាច់ប្រាក់ដែលគិតត្រឹមតែជា ពលករកម្ពុជា ធ្វើការនៅកូរ៉េខាងត្បូងបានផ្ញើរទៅកាន់ស្រុកកំណើត មានចំនួន ៣.៥លានដុល្លារ ជាមួយនឹងចរន្ដនៃការផ្ញើរមានចំនួន ១.៣៧៣ ពេល ដែលទិន្នន័យនេះមានការថយចុះ ពី ៦.២លានដុល្លារ ត្រូវនឹងចរន្ដនៃការផ្ញើរ ២.២៧០ពេល ក្នុងឆ្នាំ២០១៩ ត្រីមាសទី១។
លោក អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ទៅអ្នកកាសែតថា បណ្ដាសកម្មភាពចង្វាក់ផលិតកម្មរបស់សហគ្រាសទាំងអស់ ត្រូវកាត់បន្ថយ ក៏ព្រោះតែជម្ងឺកូវីដ១៩ រាតត្បាតខ្លាំងនៅប្រទេសកូរ៉េខាងត្បូងដែលជាកន្លែងពលករកម្ពុជា ធ្វើការនៅទីនោះ។
ដោយ៖ Stince
