We TV Cambodia

អត្ថប្រយោជន៍មិនគួរឱ្យជឿ បើអ្នកមានទម្លាប់អានសៀវភៅ

អត្ថប្រយោជន៍មិនគួរឱ្យជឿ បើអ្នកមានទម្លាប់អានសៀវភៅ

ដោយ៖ពេជ្រ

រូបតំណាង

នៅពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយនឹងអ្វីមួយ អ្នកគួរយកការអានជាទម្លាប់មួយ ព្រោះវាគឺជាទម្រង់មួយនៃសកម្មភាពអភិវឌ្ឍន៍ខ្លួនឯង ។ប៉ុន្តែការអាននៅពេលបច្ចុប្បន្ននេះ មិនសូវជាមានការចាប់អារម្មណ៍ប៉ុន្មានទេ ពោលដោយសារតែវិទ្យាសាស្រ្តរីកចម្រើនពេក។​ តាមការពិតទៅ ការអានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាវ័យណាក៏អាចអានបានដែរ។

១)វាធ្វើឱ្យខួរក្បាលរបស់អ្នកសកម្ម

ការអានសៀវភៅដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យខ្លួនអ្នកមានស្មារតីល្អ មានការចងចាំ និងការគិតបែបវិជ្ជមាន។ មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែចំណាយពេលខ្លះដើម្បីអានសៀវភៅជារឿងរាល់ថ្ងៃ ទើបខួរក្បាលអ្នកកាន់តែសកម្ម។

២) វាធ្វើឱ្យអ្នកមិនសូវគិតច្រើន
នៅពេលដែលអ្នកអានសៀវភៅអ្នកមិនមានអារម្មណ៍ធុញថប់ ឬគិតទៅដល់អ្វីដែលធ្វើឱ្យអ្នកពិបាកទេ។ យោងតាមការសិក្សាដែលគ្រាន់តែអានរយៈពេល ៦ នាទីអាចកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នករហូតដល់ ៦៨% ។

៣)ចំណេះដឹងកាន់តែរីកចម្រើន
អ្នកដែលអានសៀវភៅភាគច្រើនគឺពួកគេមានចំណេះដឹងច្រើនជាងអ្នកដែលមិនសូវអានសៀវភៅ។ ដើម្បីដឹងពីប្រធានបទ ឬចំណេះដឹងផ្សេងៗអ្នកត្រូវបង្កើតទម្លាប់អានសៀវភៅគ្រប់ប្រភេទដែលអាចផ្តល់ព័ត៌មានដល់អ្នក។

៤)អភិវឌ្ឍផ្លូវចិត្ត
សៀវភៅជាកញ្ចក់ទិព្វដែលជួយបើកផ្លូវឱ្យអ្នកមើលឃើញពិភពលោកដ៏ស្រស់ថ្លា។ នៅពេលអ្នកមានចំណេះដឹងមួយហើយ អ្នកនឹងមានការអភិវឌ្ឍផ្លូវចិត្តមួយទៀត។ មានន័យថាអ្នកជាមនុស្សដែលមានចិត្តស្ងប់ល្អ ចេះគិត ចេះពិចារណាបានដិតដល់។

៥)ការអភិវឌ្ឍជំនាញវិភាគ
ការអានសៀវភៅជួយអ្នកឱ្យអនុវត្តការត្រិះរិះពិចារណានិងវិភាគរបស់អ្នកតាមរបៀបដែលល្អបំផុត។ ការអានសៀវភៅជាអាថ៌កំបាំងនិងការគិតដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង វាជួយពង្រឹងជំនាញវិភាគរបស់អ្នកដើម្បីជួយអ្នកដោះស្រាយបញ្ហាក្នុងជីវិតពិតរបស់អ្នក និងបញ្ហានានាក្នុងសង្គម។​
៦)វាធ្វើឱ្យមានភាពប្រសើរឡើងក្នុងការគេង
នេះគឺជាអត្ថប្រយោជន៍ធំបំផុតនៃការអានសៀវភៅដែលអ្នកទទួលបានចំពោះរឿងដំណេក ឱ្យកាន់តែប្រសើរជាងមុន។ គ្មានអ្វីដែលល្អប្រសើរជាងក្នុងការដេកលក់ជាមួយសៀវភៅដែលអ្នកកាន់នៅនឹងដៃទេ។ជាការពិតណាស់ ភាពស្រស់ស្អាតនៃការអានសៀវភៅគឺកាត់ថ្លៃមិនបានទេ ដូច្នេះអ្នកគួរតែចាប់ផ្ដើមបង្កើតទម្លាប់ក្នុងការអានឱ្យបានទៀងទាត់៕​

Related Articles