We TV Cambodia

អង្ករជាង ៥០ម៉ឺនតោនបាននាំចេញពីកម្ពុជាក្នុងរយៈពេល ១០ខែមកនេះ

អង្ករជាង ៥០ម៉ឺនតោនបាននាំចេញពីកម្ពុជាក្នុងរយៈពេល ១០ខែមកនេះ

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល ១០ខែមកនេះ អង្ករកម្ពុជាដែលឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យត្រូវបាននាំចេញទៅក្រៅប្រទេសប្រមាណ ៥៣៦,៣០៥តោន ដែលមានការកើនឡើងប្រមាណ ៧៨,៣៦៥តោន ស្មើនឹង១៧,១១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួន ៤៥៧,៩៤០តោន ។

ក្នុងចំណោមអង្ករដែលបាននាំចេញទាំងអស់ មានអង្ករក្រអូបគ្រប់ប្រភេទចំនួន ៤២១,១៣២តោន អង្ករចម្រុះគ្រប់ប្រភេទចំនួន ១០៩,០១២តោន និងអង្ករចំហ៊ុយចំនួន ៦,១៣៨តោន។ ប្រទេសដែលកម្ពុជានាំអង្ករទៅមានចំនួន ៦០ប្រទេសរួមមាន៖ ២៤ប្រទេសក្នុងតំបន់អឺរ៉ុប (ក្នុងចំណោម២៨ ប្រទេស), ប្រទេសចិន, ប្រទេសក្នុងតំបន់អាស៊ានចំនួន៦ និងផ្សេងចំនួន ២៩ផ្សេងទៀត។

ជាមួយគ្នានៃការនាំចេញនេះ ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ១៧៤,៣៩១តោន  កើន៣២,៥១%, នាំទៅចិនមានចំនួន ១៩៤,៤៥១តោន កើនឡើង៣៦,២៦%, ប្រទេសក្នុងតំបន់អាស៊ានមានចំនួន ៧១,៨៨២តោន កើនឡើង១៣,៤% និងប្រទេស ២៩ផ្សេងទៀតមានចំនួន ៩៥,៥៨១តោន កើនឡើង១៧,៨៣%។

ដោយឡែក ការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម ក្នុងរយៈពេល ៩ខែ ២៨ថ្ងៃមកនេះ មានចំនួន ១,៤២៧,២២៦តោន៕

អត្ថបទដោយ៖ Nevin

Related Articles