We TV Cambodia

អង់គ្លេស អាចនឹងបិទប្រទេសទាំងស្រុងនាពេលឆ្លងឆ្នាំសាកល ខណៈកូវីដ-១៩ កំពុងមានការឆ្លងខ្លាំង

អង់គ្លេស អាចនឹងបិទប្រទេសទាំងស្រុងនាពេលឆ្លងឆ្នាំសាកល ខណៈកូវីដ-១៩ កំពុងមានការឆ្លងខ្លាំង

សម្រួលអត្ថបទ៖ រដ្ឋ ស្រីពេជ្រ

បរទេស៖ ប្រទេសអង់គ្លេស អាចនឹងបិទប្រទេសទាំងស្រុងនាពេលឆ្លងឆ្នាំសាកល ខណៈកូវីដ-១៩ កំពុងមានការឆ្លងខ្លាំង ដោយសារតែករណីស្លាប់ដោយមេរោគកូរ៉ូណាវីរុស ចំនួន ៦៩១នាក់កាលពីថ្ងៃអង្គារ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតទី ២ ចាប់តាំងពីខែឧសភាមក។

បើយោងតាម សារព័ត៌មាន The Times បានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីនៅគណៈរដ្ឋមន្រ្តីកំពុងពិចារណាអនុវត្តលក្ខខណ្ឌជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុតទៅកាន់តំបន់ជាច្រើនទៀតនៃចក្រភពអង់គ្លេសឱ្យបានឆាប់បំផុតនៅត្រឹមថ្ងៃទី ២៦ ខែធ្នូ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២១ ខែធ្នូ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ធ្លាប់បានលើកឡើងនូវបញ្ហាថា តើកាលបរិច្ឆេទពិនិត្យឡើងវិញបន្ទាប់សម្រាប់កម្រិតនៃការប្រកាសអាសន្នជំងឺកូវីដ-១៩ អាចត្រូវបានពន្យារដល់ថ្ងៃទី ៣០ ខែធ្នូ ។ ទោះជាយ៉ាងណា កាលពីថ្ងៃពុធ បណ្តារដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងមានការព្រមព្រៀងទៅលើតំបន់មួយចំនួនដែលអាចត្រូវការការត្រួតពិនិត្យបន្ថែមទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមនេះ។

ជាងនេះទៅទៀត តំបន់ដែលគេជឿថាកំពុងប្រឈមមុខនឹងការរឹតបន្តឹងកាន់តែខ្លាំងឡើងនោះ មានតំបន់ Sussex ខាងលិច និងផ្នែកដែលនៅសល់នៃតំបន់ Sussex ខាងកើត ដែលរហូតមកដល់ពេលនេះត្រូវបានគេចាត់ថ្នាក់ទី ៤ ដែលជាប្រភេទខ្ពស់បំផុត។

ទន្ទឹមនិងនេះ ប្រភពព័ត៌មាន Whitehall ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Telegraph ដែលបានបង្ហាញថា ឥឡូវនេះ មាន «ឱកាសខ្ពស់» ដែលប្រទេសនេះនឹងត្រូវបានដាក់ចូលទៅក្នុងការបិទប្រទេសលើកទីបីបន្ទាប់ពីពិធីបុណ្យណូអែល៕

 

Related Articles